ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោង សាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦គីឡូម៉ែត្រ ចំណាយអស់ថវិកា ១៣២,៨០លានដុល្លារ ចំណែក គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៨,៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកា ១៨៨,៣៨លានដុល្លារ។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងសាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពី ពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ ចិន មានទទឹងតួផ្លូវ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ព្រមទាំង បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
លោក មានប្រសាសន៍ថា «គម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៣២,៨០លានដុល្លារ ដែលជាហិរញ្ញប្បទានពី រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ ថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងបានប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៨ខែ គិតចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨»។
លោកបន្ដថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពី សំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់ចិន មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំង បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
លោកថា «គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគម្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣»។
សូមរំលឹកថា ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាង ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ក៏ដូចជា ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុង ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេស ជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិ កម្ពុជា-ថៃ នៅថ្មដា ក្នុងខេត្តពោធិ៍សាត់ នៅចាំយាម ក្នុងខេត្តកោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង៕