ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្ដាហ៍មុនបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅទីស្ដីការក្រសួង ។
ក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្នុងរយៈពេល ១១ខែកន្លងទៅនេះ ក្រសួងបានសម្រេចការងារជាច្រើន ហើយក៏ស្ថិតក្នុងចំណុចដែលអាចចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងអាចឈានជើងទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលផងដែរ។
សម្លឹងងាកទៅរកការកសាងអនាគតនៃតំបន់បេតិកភណ្ឌអង្គរ នេះជាអ្វីដែលឯកឧត្តម សាយ សំអាល់ ទាញអារម្មណ៍អ្នកចូលរួមយកចិត្តទុកដាក់ ។ឯកឧត្តមបន្តថា អ្វីដែលបានធ្វើកន្លងមកនេះគឺទទួលបានលទ្ធផលល្អហើយ ថ្វីបើវាមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយក្តី។ ទន្ទឹមនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជួបពិគ្រោះពិភាក្សាការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា និងអជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរៀបចំគោលការណ៍ និងផែនការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីពង្រឹងការធ្វើការអភិរក្សប្រាសាទ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរដែលជាបេតិកភណ្ឌរស់ ហើយនឹងរៀបចំថែទាំឱ្យបានដាច់ខាតនូវទស្សនីយភាពពាក់ព័ន្ធនឹងទឹក ព្រៃឈើ និងសត្វ ក្នុងតំបន់អង្គរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំឱ្យមានការពិគ្រោះយោបល់ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ហើយនឹងធ្វើរបាយការណ៍មួយដាក់ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេច ដែលរបាយការណ៍នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាជាមួយគ្នា និងបានផ្ញើជូនលោកជំទាវនូវសេចក្តីព្រាងរបាយការណ៍នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីថា ដើម្បីកសាងផែនការអនាគតក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរឱ្យកាន់តែល្អប្រសើរនោះ គឺត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង ១១៤ ភូមិ កែសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់ដី ចុះបញ្ជីតំបន់បេតិកភណ្ឌ រៀបចំគោលនយោបាយលើកទឹកចិត្តជំរុញការអភិវឌ្ឍលំនៅដ្ឋានរុនតាឯក និងពាក់ស្នែង ឱ្យបានរួចរាល់ រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍ និងខ្សែទស្សនាទេសចរណ៍ ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និងការអភិវឌ្ឍផងដែរ ដែលទាំងនេះគឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀតទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ៕