សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុដាក់ចេញវិធានការការពារផលប៉ះពាល់នៃជំងឺ Covid-19

0
ភ្នំពេញ៖សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនៅវិធានការ៣ ដើម្បីការពារផលប៉ះពាល់បណ្តាលមកពីការរីករាលដាលជាសកលនៃវីរុស Covid-19 ។
យោងតាមសេចក្តីថ្លែងការណ៍រួមនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ០៩ ខែមីនា នេះថា វិធានការការពារផលប៉ះពាល់បណ្តាលមកពីការីករាលដាលជាសកលនៃវីរុស Covid-19សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការគាំទ្រនូវវិធានការការពារផលប៉ះពាល់ជាអវិជ្ជមាន បណ្តាលមកពីការរីករាលដាលជា សកលនៃវីរុស Covid-19 ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីការពាររួមមានទី ១ លើកទឹកចិត្តដល់សមាជិកសមាគម ឲ្យបន្តផ្តល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្ម ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីធានានិរន្តរភាពអាជីវកម្មទាំងនោះ ។
ទី២ សមាជិកសមាគមគប្បីរក្សាភាពទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្តែង ក្នុងការដោះស្រាយបំណុលយឺតយ៉ាវដែលបណ្តាលមកពីផលប៉ះពាល់នៃវីរុស Covid-19 និងទី៣ សមាជិកសមាគម ត្រូវបន្តតាមដាន និងដាក់ចេញវិធានការ ការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏សូមយកឱកាសនេះ អំពាវនាវដល់សមាជិកទាំងអស់រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវវិធានការ ការពារទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។
បន្ថែមលើវិធានការការពារខាងលើ។សមាជិកសមាគមទាំងពីរក៏បាននឹងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះនឹងផ្តល់ទុនក្នុងអត្រាការប្រាក់សមរម្យដល់សហគ្រាសធនតូចនិងមធ្យមនៅកម្ពុជាលើវិស័យអាទិភាពហើយដែលគ្រោងនឹងចាប់ដំណើរការក្នុងពេលឆាប់ៗ ខាងមុខនេះ ៕