កោះកុង៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០មានប្រវែងសរុប១៩៨,៥១៨ គីឡូម៉ែត្រ(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងគិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៦,១៦ភាគរយហើយ។
លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ការងារផ្លូវថ្នល់, ការងារស្ពានក្នុងនេះការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន៩៣ភាគរយហើយ ហើយគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ។
ប្រភពដដែលបន្តថា ដោយឡែកបច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។បច្ចុប្បន្នការដ្ឋានកំណាត់ផ្លូវលេខ១០កំពុងតែជំរុញយ៉ាងមមាញឹកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
សូមជម្រាបថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ៕