ភ្នំពេញ៖ គម្រោង “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យ អនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងនាថ្ងៃនេះ គឺជាការបំពេញបន្ថែមទៅលើអ្វី ដែលក្រសួងបាននិងកំពុង អនុវត្តផង និងជាការបោះជំហាន រួមគ្នារវាងអង្គការ GIZ ប្រចាំកម្ពុជា ជាមួយក្រសួងបរិស្ថានផង លើការពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែល្អប្រសើរ ដោយបានបញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រា ដែលអាចឱ្យយើងរួមគ្នា លុបបំបាត់ការបំពុលបរិស្ថាន និងគ្រប់គ្រងសំណល់តាមគំរូចក្រាឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូផ្លូវការនោះទេ យើងថែមទាំងបានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងកាត់បន្ថយបរិមាណ សំរាមដែលត្រូវប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម។ កិច្ចប្រឹងប្រែងទាំងនេះនឹងនាំឱ្យទីក្រុងរបស់យើងកាន់តែស្អាត មានសោភ័ណភាពនិងផាសុកភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែម ថាក្រសួងបរិស្ថានក៏បានកំណត់ ការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់ យើងអាចកាត់បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ខណៈមានការកើនឡើងនូវឱកាសក្នុង ការរកចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។
ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់ កម្រិតខ្ពស់លើការញែកសំរាម និងទីលានទុកដាក់សំរាម។ ធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នា “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា” បានធ្វើឡើងដោយ ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកបណ្ឌិត Gunter Riethmacher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ខសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្នុងសណ្ឋាគារកាំបូឌីយាណា ក្រោមអីបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Stefan Messerer, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន្ថពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមការងារGIZ ដៃគូអភិវឌ្ឍន៍ រួមជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សា ជាច្រើននាក់។
ឯកឧត្តម Stefan Messerer, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត ក្នុងការដាក់ចេញយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ដើម្បីជំរុញសកម្មភាពទាំងនេះឱ្យទៅជា ចលនាទូទាំងប្រទេ ដែលបានបង្កើតឱកាសអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមដើម្បីលុបបំបាត់ ការបំពុលបរិស្ថាន និងប្រើប្រាស់ធនធានសម្រាប់សេដ្ឋកិច្ចថ្មី។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់ គាំទ្រដល់សកម្មភាព របស់ក្រសួងបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព៕