វិបត្តិកូរ៉ូណា! សម្ដេចតេជោ ប្រតិកម្មខ្លាំងៗក្រោយសារព័ត៌មានវៀតណាមចុះផ្សាយអាក្រក់ពីកម្ពុជា

0

ភ្នំពេញ៖ ក្រោយសារព័ត៌មានមួយចំនួនរបស់វៀតណាមចុះផ្សាយអាក្រក់ពីកម្ពុជាទាក់ទិនវិបត្តិមេរោគកូរ៉ូណានោះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះការចុះផ្សាយទាំងនេះថែមទាំងណែនាំឲ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរតវ៉ាឲ្យភាគីវៀតណាមបំភ្លឺចំពោះករណីនេះផងដែរ
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សូម្បីតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំត្រូវតវ៉ាឲ្យរដ្ឋមន្រ្តីការបរទេស តវ៉ាទៅវៀតណាម ហេតុអ្វីបានតវ៉ាទៅវៀតណាម មិនមែនរដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែសារព័ត៌មាន VNA របស់វៀតណាម បានចុះផ្សាយដ៏អាក្រក់ពីកម្ពុជា ដែលខ្ញុំមិនខ្លាចទេ» ។

សម្ដេចបន្តថា បើយោងតាមអ្វីដែលស្ថានទូតវៀតណាម ប្រគល់ជូនក្រសួងការបរទេស គឺគណៈការពារសុខភាពរបស់វៀតណាមណែនាំឲ្យមានការពង្រឹងសុវត្ថិភាព នៃការចេញចូលប្រទេស គ្រប់ជាតិសាសន៍ទាំងអស់ ប៉ុន្តែបែរជាសារព័ត៌មាន VNA របស់វៀតណាមថា រឹតបន្តឹងចំពោះពលរដ្ឋដែលមកពីអឺរ៉ុប និងកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អីចឹងកម្ពុជា ចូលក្នុងចំណាត់ថ្នាក់ ដែលត្រូវវៀតណាមដាក់ឲ្យ នៅជាមនុស្សចម្លែក ខ្ញុំអត់ព្រមទេ ខ្ញុំប្រើ ប្រាក់ សុខុន ឲ្យទាក់ទងជាមួយវៀតណាមភ្លាម ។ ទូតវៀតណាមនៅខេត្ត ថាបានដឹងរឿងហ្នឹងហើយ តវ៉ាទៅ ឲ្យគេផ្សាយព័ត៌មានមួយមក ប៉ុន្តែព័ត៌មានដែលផ្សាយរួចហើយអត់ទាន់បានដកខ្ញុំថាបើមិនដកទេសុំធ្វើកំណត់ទូតតវ៉ាជាមួយវៀតណាមតែម្ដង ហេតុអីបានអ្នកឯងដាក់ប្រទេសខ្ញុំ ទៅជាប្រទេសដែលមានហានិភ័យ សម្រាប់ប្រទេសវៀតណាម» ។

សម្តេចតេជោ ក៏បានឲ្យលោក ប្រាក់ សុខុន ប្រាប់ទូតវៀតណាមថា រឿងនេះនឹងក្លាយទៅបញ្ហា បើសិនជាប្រជាជនកម្ពុជា ប្រតិកម្មវិញ ហើយប្រជាជនកម្ពុជា ក៏អាចបិទព្រំដែនមិនឲ្យវៀតណាម ឆ្លងចូលមកកម្ពុជា ដែលនេះជាការខាតបង់ និងរងគ្រោះទាំងសងខាង ។
សម្តេចក៏បានបន្ថែមថា «ប៉ុន្តែបានដោះស្រាយ ពីម្សិលមិញហើយ VNA គាត់មិនព្រមដកចេញពីវេបសាយ និងសារព័ត៌មានរបសគាត់ ការពិតគណៈការពារសុខភាព ដែលអង្គភាពផ្លូវការរបស់គេ អត់បាននិយាយឈ្មោះកម្ពុជា មួយម៉ាត់ ពីឈ្មោះអឺរ៉ុបមួយម៉ាត់ ក៏ប៉ុន្តែអា VNA នេះវាយកឈ្មោះប្រទេសអឺរ៉ុប និងកម្ពុជា ផ្សាយជាភាសាវៀតណាមផង ជាភាសាអង់គ្លេសផង” ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរថា បើយើងភ័យខ្លាចហើយរត់ទៅរក ការព្យាបាលនៅវៀតណាម តើគេឲ្យទៅទេ? បើគ្រាន់តែកម្ពុជាមិនទាន់មានអ្នកឈឺផង សារព័ត៌មានវៀតណាម ចុះផ្សាយអាក្រក់ពីកម្ពុជាទៅហើយ ដោយឡែកនៅថៃ ក៏គេមិនឲ្យយើងចូលដែរ ។ សម្ដេចថា មានតែពង្រឹងជំនឿទុកចិត្ត លើខ្លួនឯងតែម្ដង ហើយប្រសិនបើមានការសង្ស័យ ត្រូវទៅរកពេទ្យ ដើម្បីការពារសុវត្ថិភាពខ្លួនឯងផង គ្រួសារ និងអ្នកដទៃ ៕