រថយន្តអគ្គិសនីជាង ២ ៣០០គ្រឿង ត្រូវបានចុះបញ្ជីផ្លូវការ ខណៈ​ពិព័រណ៍​យានយន្តអគ្គិសនីឆ្នាំ២០២៤នឹង​ចាប់ផ្តើម​ក្នុងពេលឆាប់ៗ

0

ភ្នំពេញ៖ រថយន្តអគ្គិសនីចំនួន២ ៣២៧គ្រឿង បានចុះបញ្ជីនៅក្រសួង​សាធារណការ និងដឹកជញ្ជូន ដោយក្នុងនោះរថយន្តអគ្គិសនី​របស់​ក្រុមហ៊ុន BYD ចំនួន៧៩០គ្រឿងឈរលើកំពូលតារាង និងបន្ត​បន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន តូយ៉ូតា ចំនួន ៤៤៣​គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ចំនួន ២៦៩គ្រឿង និងរថយន្ត​អគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។នេះបើយោងតាមប្រភព​ក្រសួង​​សាធារណការនិងដឹកជញ្ជូន។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់បណ្ដាញសារព័ត៌មានថា រយៈពេល៩ខែ ឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣គ្រឿង។ ប៉ុន្តែរយៈពេល​ដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ១​ ៦៤៤​គ្រឿង ។បានសេចក្តីថា រថយន្តអគ្គិសនីមានកំណើន ៧១០ភាគរយ ខណៈ​ដែលទោចក្រយានកើនឡើង ៣៦៨ភាគរយ ។រីឯ​ត្រីចក្រ​យានបែរ​ថយចុះ-១៥%។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​គោលនយោបាយជាតិស្តីពី​ការអភិវឌ្ឍ​វិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បី ជំរុញការ​អភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្ត​អគ្គិសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់​ទុន​​ក្នុងវិស័យ​នេះ។

សំដៅទៅលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលជាត្រីវិស័យ និងជា​ឧបករណ៍​គោល​នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឯកឧត្តម ផន រឹម បានបន្ថែមថា រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែបសម្រាប់​ការប្រើ​ប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្ត​កើនយ៉ាងខ្លាំងជាពិសេសរថយន្តអគ្គិសនី។

ស្របពេលគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជូន​ដំណឹងអំពីពិព័រណ៍យានយន្តអគ្គិសនី(EV)ឆ្នាំ២០២៤ នឹងចាប់ផ្ដើម​ក្នុងពេលឆាប់ៗនេះ។ក្រសួងប្រាប់ថា ភ្ញៀវអាចចូលរួមដោយ​សេរី​ដើម្បីទទួលបានឱកាស​សាកល្បងបើកបរយានយន្ដ​អគ្គិសនី -ចូលរួម​កិច្ចពិភាក្សាជាមួយវាគ្មិនជំនាញ អំពីអនាគតយានយន្តអគ្គិសនី​នៅ​កម្ពុជា -ជួបក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី និងក្រុមហ៊ុនពាក់​ព័ន្ធដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែម តាមកាលបរិច្ឆេទ ថ្ងៃទី២៨ ខែវិច្ឆិកាវេលាម៉ោង ៨:៣០ព្រឹក – ៤:០០រសៀលនៅក្រសួង​សាធារណការ និងដឹកជញ្ជូន ។

ជុំវិញយានយន្តអគ្គិសនីនេះដែរកាលពីព្រឹកថ្ងៃពុធទី២៧ ខែវិច្ឆិកា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន និងជាប្រធានគណៈកម្មាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បី​តាក់តែងលិខិតបទ​ដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) កិច្ចប្រជុំនេះធ្វើឡើង​ក្នុងគោលបំណងដើម្បីពិនិត្យលើបច្ចុប្បន្នភាព និងការវិវដ្តនៃការអនុវត្ត​គោលនយោបាយ​ជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលទ្ធផលនៃសិក្ខាសាលាដែលរៀបចំឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើបច្ចុប្បន្នភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនី ដែលទទួលខុសត្រូវដោយក្រសួងរ៉ែ និងថាមពល និងបង្កើនកិច្ចសហការរវាងក្រសួងសំខាន់ៗ ជាពិសេស​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ដែលដើរតួនាទី​យ៉ាងសំខាន់ក្នុងការកំណត់គោលនយោបាយលើកទឹកចិត្តសម្រាប់ការវិនិយោគ លើវិស័យយានយន្តអគ្គិសនី និងការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ។

សូមជម្រាបថា គោលដៅរបស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍ​វិស័យយានយន្តអគ្គិសនី គឺចងឱ្យមានរថយន្តអគ្គិសនី ៧៧០ ០០០ គ្រឿង នៅលើផ្លូវនៅឆ្នាំ២០៣០ ស្មើនឹងប្រហែល ១០ ភាគរយនៃ​ចំនួនរថយន្ត ៧,៧៥ លានគ្រឿង ដែលបានចុះបញ្ជី​នៅក្នុងប្រទេស​កម្ពុជានាពេលបច្ចុប្បន្ន។ចក្ខុវិស័យនៃគោលនយោបាយជាតិ គឺប្រែ​ក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើ​ប្រាស់យានយន្តអគ្គិសនី​ក្នុងកម្រិតសុភបរមា (optimal) ដើម្បីគាំទ្រនិងសម្រេចបានការអភិវឌ្ឍ​ប្រកបដោយចីរភាព និងធានា​នូវសុខុមាលភាពប្រជាជន ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានស្ថានីយសាកអាគុយរថយន្តអគ្គិសនី មាននៅ១៨ទីតាំងក្នុងប្រទេស៕