ភ្នំពេញ៖ ខណៈឆ្នាំ២០២៤ហៀបនឹងបញ្ចប់ គម្រោងវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសមានចំនួន ២ ៦៣៣គម្រោង ដោយផ្ទៃក្រឡាកម្រាលសំណង់សរុបជាង១០លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤,៣៣ពាន់លានដុល្លារអាមេរិក ។អគារកម្ពស់ចាប់ពី៥ជាន់នៅទូទាំងប្រទេសមានជិត៣ពាន់អគារ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍ដែលបានបង្ហាញកាលពីថ្ងៃ២៥ ខែវិច្ឆិកាបានឱ្យដឹងថា ទាំងចំនួនគម្រោងវិនិយោគ ទុនវិនិយោគ និងផ្ទៃក្រឡាសាងសង់ដែលអនុម័តសម្រាប់ឆ្នាំ ២០២៤នេះ មានការថយចុះប្រមាណ ១៥,១៧ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដោយក្នុងនោះដែរ គម្រោងវិនិយោគក្នុងឆ្នាំ២០២៣មានចំនួន ២ ៩២៤គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១២លានម៉ែត្រក្រឡា និងមានទុនវិនិយោគប្រមាណ ៥,១ពាន់លានដុល្លារ ។
ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង២ ៦២២គម្រោង ឃើញថា ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមានចំនួន ២៩៣គម្រោង មានផ្ទៃក្រឡាសំណង់ជាង៩,២លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ ៨៨០លានដុល្លារ ធៀបនឹងឆ្នាំ ២០២៣មានថយចុះប្រមាណ១៧,២៦ភាគរយ ។ ចំណែកគម្រោងវិនិយោគដែលស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី/ខេត្ត មានចំនួន ២ ៣២៩គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១,១៦ លានម៉ែត្រក្រឡា និងទុនវិនិយោគប្រមាណ ៤៥៣លានដុល្លារ ធៀបនឹងឆ្នាំ ២០២៣មានការកើនឡើង៨,៣១ភាគរយ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៦៧ ៦៩៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៩៧លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៧៨ ៩៦៩លានដុល្លារ ។
របាយការណ៍ដដែលគូសរំលេចថា គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០២៤ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៩០៣អគារ ដោយនៅរាជធានីភ្នំពេញមានចំនួន ១ ៨២៤អគារ ខេត្តព្រះសីហនុ មានចំនួន៧៣៨អគារ ខេត្តបន្ទាយមានជ័យមានចំនួន ២៧២អគារ និងបណ្ដាខេត្តនិងតំបន់ផ្សេងទៀតមានចំនួន ៦៩អគារ ៕