បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានក្រើនរម្លឹកដោយជំរុញដល់មន្ត្រីអប់រំលោក គ្រូអ្នកគ្រូគ្រប់ជាន់ថ្នាក់ត្រូវបន្តរួមគ្នាថែរក្សាសាមគ្គី និងត្រូវលើកកំពស់គុណភាពអប់រំ ឱ្យបានកាន់តែ ល្អប្រសើរឡើងថែមមួយកម្រិតទៀត។
ការថ្លែងជំរុញយ៉ាងដូច្នេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ជួនណារ៉ុនបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញប្រកាសតែងតាំងឯកឧត្តម ជា សឿន ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ មានជ័យកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២៣នេះ។
នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា ការតែងតាំងឯកឧត្តម ជា សឿន ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យនេះ ជាដំណើរការធម្មតា នៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលក្នុងមុខងារសាធារណៈ គឺសំដៅធ្វើ យ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ក្រសួងអប់រំនោះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងអប់រំនឹងបន្តអនុវត្ត កំណែទម្រង់នៅឧត្តមសិក្សា ដើម្បីធានាបាននូវការបណ្តុះធនធានមនុស្ស សម្រាប់បម្រើដល់ការអភិ វឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច នៅតាមគ្រឹះស្ថានឧត្តមសិក្សា, ការ លើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យ ឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត, ការ ជំរុញការសិក្សា ការបណ្តុះបណ្តាល និងកសាងជំនាញផ្នែកឌីជីថល និងជំនាញថ្មីៗ, ការជំរុញសកម្ម ភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល, ការកសាងភាពជាដៃគូជាមួយនឹង វិស័យឯកជន ក្នុងការជំរុញ និងការអភិវឌ្ឍការងារស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យោងតាមអនុសាសន៍ របស់ឯក ឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ច ប្រជុំដំបូងគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣) ដើម្បីលើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវ ការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើ សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអា ហារនៅតាមសាលារៀន, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ។
ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិមានជ័យ បានឡើងអាន របាយការណ៍សង្ខេប ស្តីពីសាកលវិទ្យាល័យជាតិមានជ័យថា សាកលវិទ្យាល័យជាតិមានជ័យ ជាគ្រឹះ ស្ថានអប់រំឧត្តមសិក្សា សាធារណៈមួយ ក្នុងក្រុងសិរីសោភ័ណ ដោយបានដំណើរការដោយអនុក្រឹត្យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស នូវជំនាញការស្រាវជ្រាវ និងនវានុវត្តន៍ ប្រកបដោយឧត្តមភាព ឆ្លើយតបតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។ សាកល វិទ្យាល័យជាតិមានជ័យ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជា ដោយបានផលិតធនធានមនុស្ស ប្រមាណ ២ ៩៧៧នាក់ ឱ្យចូលបម្រើការនៅក្នុងស្ថាប័នសា ធារណៈ និងឯកជននានាក្នុងប្រទេស និងមួយចំនួនទៀតកំពុងបម្រើការងារ នៅក្រៅប្រទេសរហូត ដល់ពេលបច្ចុប្បន្ននេះផងដែរ។
ឯកឧត្តមបានឱ្យដឹងទៀតថា សាកលវិទ្យាល័យជាតិមានជ័យ មានបុគ្គលិក គ្រូបង្រៀនសរុប មានចំនួន ១៣៧នាក់(នារី៣០នាក់) មាននិសិ្សតកំពុងសិក្សាចំនួន១ ៨០៩នាក់ (នារី ១១៤០នាក់) ក្នុងនោះមានថ្នាក់បរិញ្ញាបត្ររង មានចំនួន១២៦នាក់ (នារី៥៩នាក់) ថ្នាក់បរិញ្ញាបត្រមានចំនួន១ ៦៥៥ នាក់(នារី១០៧០នាក់)ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន២៨នាក់(នារី១១នាក់)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា