តាកែវ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗទំនើងជិះម៉ូតូបង្ហោះ វាងជែងគ្នា គ្មានសណ្ដាប់ធ្នាប់នៅនៅភូមិសាស្ត្រផ្លូវជាតិលេខ២២ និងផ្លូវជាតិលេខ២ ក្នុងស្រុកត្រាំកក់ ប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ក្រោយសមត្ថកិច្ចចាប់ឃាត់បាន នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
មានមតិណែនាំនាឱកាសនោះដែរ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការអប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ធានាយកទៅអប់រំបន្ត ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដ៏ទៃ។
សូមជម្រាបជូនដែរថា ក្រុមក្មេងៗ ដែលជិះម៉ូតូគ្មានសណ្ដាប់ធ្នាប់ ត្រូវបានសមត្ថកិច្ចចាប់បាននេះ មានម៉ូតូ ៨គ្រឿង មានគ្នា ១៧នាក់ មកពីស្រុកស្អាង ខេត្តកណ្ដាល គោលបំណងឆ្ពោះទៅខេត្តកំពត ដើម្បីដើរលេង ៕