កូកាកូឡា (Coca-Cola) គឺជាភេសជ្ជៈដ៏ពេញនិយមបំផុត ព្រោះមានមនុស្សជាច្រើនចូលចិត្តរសជាតិផ្អែមឆ្ងាញ់របស់វា។ ក៏ប៉ុន្តែ តាមរយៈគេហទំព័រ Lifehacklane បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ការទទួលទានភេសជ្ជៈកូកាកូឡាច្រើនពេក អាចបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
ខាងក្រោមនេះ គឺជាផលប៉ះពាល់នៃការទទួលទានភេសជ្ជៈ កូកាកូឡា៖
១.កូកាកូឡាមួយកំប៉ុងមានផ្ទុកជាតិស្ករ១០ដុំ
តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាកូកាកូឡាមានរសជាតិផ្អែមឆ្ងាញ់? តាមពិតកម្រិតជាតិផ្អែមរបស់វា ស្មើនិងស្ករ១០ដុំ ដែលគេប្រើសម្រាប់ដាក់នៅក្នុងកាហ្វេ។ កម្រិតជាតិស្ករខ្ពស់ដល់ថ្នាក់នេះ អាចបង្កផលអាក្រក់យ៉ាងខ្លាំងដល់សុខភាព ជាពិសេសគឺជំងឺទឹកនោមផ្អែម។
២.កើតជំងឺមហារីក
តើអ្នកត្រូវដឹងទេ ការទទួលទានភេសជ្ជៈ កូកាកូឡា អាចបង្កឲ្យកើតជំងឺមហារីក? អ្នកជំនាញបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរ រកឃើញថា សារធាតុគីមីម្យ៉ាង ដែលគេប្រើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈ កូកាកូឡា អាចបង្កជំងឺមហារីកយ៉ាងឆាប់បំផុត។
៣.លើសទម្ងន់
ជាតិស្កររបស់ កូកាកូឡា ក្រៅពីធ្វើឲ្យឆាប់ខូចធ្មេញ នឹងមានបញ្ហាដល់ក្រពះ វាក៏អាចបណ្តោលឲ្យកើតមានបញ្ហាឡើងទម្ងន់ផងដែរ។
៤.កើតជំងឺបេះដូង
បើយោងតាមការស្រាវជ្រាវមួយ ដែលបានធ្វើការពិសោធន៍ទៅលើមនុស្សប្រុសមានសុខភាពល្អចំនួន ៤២.៨៨៣នាក់ ដែលទទួលទាន កូកាកូឡា ជាប្រចាំ រកឃើញថា ក្នុងចំណោមបុរសទាំងអស់នោះ មានបុរស ៣.៦៨៣នាក់ ដែលកើតជំងឺបេះដូង។
៥.មានបញ្ហាសម្ពាធឈាម និងកើតជំងឺទឹកនោមផ្អែម
មានការសិក្សាជាច្រើនបានរកឃើញថា ការទទួលទានភេសជ្ជៈ កូកាកូឡា មួយកំប៉ុងក្នុងមួយថ្ងៃ អាចបង្កឲ្យមានហានិភ័យនៃជំងឺសម្ពាធឈាម ជាពិសេសស្ត្រីអាចប្រឈមនិងជំងឺទឹកនោមផ្អែមប្រភេទទី២។
៦.ផ្ទុកជាតិកាហ្វេអ៊ីនលើសកម្រិត
កូកាកូឡា ក៏ផ្ទុកសារធាតុកាហ្វេអ៊ីន ដូចជាកាហ្វេដែរ ហើយប្រសិនបើអ្នកទទួលទានដល់ទៅពីរលីត្រជារៀងរាល់ថ្ងៃ ផលប៉ះពាល់នឹងកាន់តែអាក្រក់ឡើង។ ជាពិសេស អ្នកត្រូវប្រឈមនឹងកើតជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងជំងឺថប់អារម្មណ៍។
៧.មានផលអាក្រក់ដល់សុខភាពបន្តពូជ
ការស្រាវជ្រាវបានបង្ហាញថា សារធាតុគីមីជាច្រើនដែលមាននៅក្នុងភេសជ្ជៈ កូកាកូឡា អាចបំផ្លាញប្រព័ន្ធបន្តពូជ និងប៉ះពាល់ដល់ការមានកូនផងដែរ។
ដូច្នេះហើយ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព អ្នកគួរតែកាត់បន្ថយការទទួលទាន កូកាកូឡា ជាពិសេសសម្រាប់ក្មេងតូចៗតែម្តង៕