តើគ្រឿងស្រវឹង ផ្ដល់ផលប៉ះពាល់សុខភាពយ៉ាងណាខ្លះ ដល់អ្នកកើតជំងឺទឹកនោមផ្អែម?

0

ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយដែលបណ្ដាលមកពីអត្រាជាតិស្ករនៅក្នុងឈាមកើនលើសពីធម្មតា ដែលជាធម្មតាយើងចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ហើយត្រូវការពិនិត្យ និងតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យ ព្រោះអាចនឹងមានផលវិបាកនៅថ្ងៃក្រោយជាក់ជាមិនខាន។បច្ចុប្បន្នជំងឺទឹកនោមផ្អែមបានកើតទៅលើមនុស្សគ្រប់វ័យ ចាប់តាំងពីកុមាររហូតដល់មនុស្សវ័យចាស់ ។ មន្ត្រីជំនាញបានអះអាងថា ការទទួលទានអាហារមិនល្អសម្រាប់សុខភាព ការពិសាបារី ការទទួលទានគ្រឿងស្រវឹងហួសកម្រិត ការលើសទម្ងន់ជាដើម ដែលជាកត្តា ប្រឈមនាំឱ្យកើតមានជំងឺទឹកនោមផ្អែម ។

ជំងឺទឹកនោមផ្អែមមានការកើនឡើងជារៀងរាល់ឆ្នាំ នៅប្រទេសក្នុងកម្ពុជា ដោយសារជំងឺនេះជាជំងឺលាក់មុខមិនបញ្ចេញរោគសញ្ញាឱ្យដឹងក្នុងពេលដំណាក់កាលដំបូងនោះទេ។លោកវេជ្ជបណ្ឌិតទូច ឃុន ប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានមានប្រសាសន៍ថាបច្ចុប្បន្ន នៅលើសកលលោកក៏ដូចជានៅប្រទេសកម្ពុជា ប្រជាជនកើតជំងឺទឹកនោមផ្អែមប្រភេទទី២ច្រើនជាងគេ ហើយជំងឺប្រភេទទី២នេះមិនលេចចេញជារោគសញ្ញានៅតំណាក់កាលដំបូងៗនោះទេ ប៉ុន្តែវាអាចចេញជារោគសញ្ញាសម្គាល់ឱ្យយើងដឹងដូចជា នោមញឹក ស្រវាំងភ្នែក ស្រកទំនង់ ជាដើម នៅពេលដែលជាតិស្ករកើនឡើងខ្ពស់នៅក្នុងខ្លួនរយៈពេល៥ទៅ១០ឆ្នាំមកហើយ។

លោកវេជ្ជបណ្ឌិតទូច ឃុនបានលើកឡើងទៀតថា ជំងឺទឹកនោមផ្អែមទោះបីមិនមានថ្នាំព្យាបាល ឱ្យជាដាច់ ប៉ុន្តែអ្នកជំងឺអាចមានសុខភាពល្អនិងរស់នៅដូចអ្នកដទៃដែរ ប្រសិនបើពួកគាត់ធ្វើការព្យាបាលតាមវេជ្ជបញ្ជាត្រឹមត្រូវរួមទាំងការគ្រប់គ្រងអាហារប្រចាំថ្ងៃផងនោះ ជាពិសេសការតមគ្រឿងស្រវឹងប្រសិនបើអ្នកជំងឺទឹកនោមផ្អែមឧស្សាពិសារគ្រឿងស្រវឹងវាធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួន។

ដោយឡែកលោកវេជ្ជបណ្ឌិតមុយ ស៊ាងហ៊ន់ អនុប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលក៏បានគាំទ្រនូវការលើកឡើងខាងលើនេះដែរ ព្រោះថាគ្រឿងស្រវឹងមិនត្រឹមបង្កផលប៉ះពាល់ ចំពោះជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពដែលបង្កឱ្យកើតជំងឺផ្សេងៗជាច្រើនមុខទៀតផងដែរ។

ងាកមកលោកពូសុខ គីមហុង ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនដែលបានកើតជំងឺទឹកនោមផ្អែមអស់រយៈពេលជាង១០ឆ្នាំមកហើយ។

របបចំណីអាហារមានសារៈសំខាន់ណាស់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ដែលតម្រូវឱ្យពួក គាត់ត្រូវរៀបចំឱ្យបានត្រឹមត្រូវ។អ្នកមីងសុផលជាប្រជាពលរដ្ឋរស់នៅខេត្តស្វាយរៀងបានលើកឡើងថា គ្រួសារអ្នកមីងមានការយល់ដឹងច្រើនពីវិធីការពារជំងឺទឹកនោមផ្អែម ដោយការអនុវត្តរស់នៅស្អាត ព្រមទាំងបរិភោគអាហារដែលត្រឹមត្រូវ។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិតមុយ ស៊ាងហ៊ន់បានបន្ថែមទៀតថា បច្ចុប្បន្នកំណើននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងពីមួយឆ្នាំទៅមួយ ដូច្នេះក្រសួងសុខាភិបាលតែងតែចេញជាសារ អប់រំ ដល់ប្រជាពលរដ្ឋឱ្យស្វែងយល់អំពីជំងឺទឹកនោមផ្អែម និងវិធីការពារជំងឺទឹកនោមផ្អែម។ និយមន័យជាក់ស្ដែងជំងឺទឹកនោមផ្អែមនេះមានន័យថាជាការកើនឡើងជាតិស្កររ៉ាំរ៉ៃនៅក្នុងឈាមរបស់យើង។បានន័យថាជាតិស្កររបស់យើងនៅពេលដែលយើងហូបចំណីរអាហារដែលមានជាតិផ្អែមវាត្រូវបានបំលែងទៅជាសាធារតុចិញ្ចឹម ឬក៏ថាមពលដោយសរីរាង្គកាយរបស់យើង តាមរយៈជួយជ្រោមជ្រែងពីអកម៉ូនម្យ៉ាង ដែលបញ្ចេញពីលំពែងរបស់យើង ហៅថាអកម៉ូនអ៊ីនសូលីន នៅពេលដែលអ្នកជំងឺមានបញ្ហាទឹកនោមផ្អែម ជាតិស្ករ ទាំងអស់នោះមិនអាចយកទៅប្រើប្រាស់បំលែងជាថាមពលបានទាំងស្រុងនោះទេ ជាហេតុធ្វើឱ្យមានចាល់ជាតិស្ករនៅក្នុងឈាម ដល់ពេលចាល់រ៉ាំរ៉ៃទៅ បានជាគេហៅថាជំងឺទឹកនោមផ្អែមនេះឯង។ ជំងឺទឹកនោមផ្អែម មិនមែនជាជំងឺទើបតែមាននោះទេ ប៉ុន្តែជំងឺនេះបានកើតជាយូរណាស់មកហើយ ដោយគ្រូពេទ្យតាំងពីសម័យអេស៊ីប ក្រិច ឬរូម៉ាំងបានរកឃើញ គ្រាន់តែសម័យនោះ បច្ចេកវិទ្យាមិនទាន់ជឿនលឿន ក្រុមគ្រូពេទ្យគាត់ធ្វើការសង្កេតទៅលើអាការៈរបស់អ្នកជំងឺ ដូចជាទឹកនោមរបស់អ្នកកើតទឹកនៅមផ្អែមត្រូវបានស្រមោចរោមជាដើម។

ជំងឺទឹកនោមផ្អែមមាន៣ប្រភេទ ប្រភេទទី១ភាគច្រើនកើតទៅលើកុមារ ប្រភេទទី២ ច្រើនកើតទៅលើមនុស្សពេញវ័យ និងចំណាស់ រីឯប្រភេទី៣ ច្រើនកើតទៅលើស្ដ្រីអំឡុងពេលមានផ្ទៃពោះ។ បច្ចុប្បន្ននៅលើពិភពលោកក៏ដូចជានៅកម្ពុជាយើង ៩០ទៅ៩៥ % អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទី២៕