បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!

0

ភ្នំពេញ៖ អាកា​រៈ​ឈឺចង្កេះ គឺជា​រោគ​សញ្ញា​មួយ​ដែល​កើត​មាន​ឡើងជា​ញឹកញាប់ និង​ទូទៅ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អោយ​អ្នកជំងឺ​ភាគច្រើន​ធ្វើ​ការងារ​មិន​បាន ឫ​រំខាន​ញឹកញាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​។ ការ​ឈឺចង្កេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ភាគច្រើន​នៅ​ក្នុង​អាយុ​ចន្លោះ​ពី ៤៥ ទៅ ៥០ ឆ្នាំ​។ ប្រសិនបើ​យើង​មិន​បាន​ធ្វើការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ បញ្ហា​ឈឺចង្កេះ​នេះ នឹង​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​ធ្ងន់ធ្ងរ​។

ក​) មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​អោយ​ឈឺចង្កេះ​រួម​មាន​៖
– វិបត្តិ​សាច់ដុំ សរសៃពួរ​ត​ឆ្អឹង​ត្រង់​សន្លាក់
– ការ​សឹក​សន្លាក់ឆ្អឹង ឬ​ដោយសារ​ការ​ពុក​ឆ្អឹង​ចង្កេះ
– ការ​រលាក​សន្លាក់ឆ្អឹង និង​ឆ្អឹង​ចង្កេះ
– ភាព​ចុះ​ខ្សោយ និង​ការ​លូន​មក​ក្រៅ​នៃ​ទ្រនាប់​ឆ្អឹង
– ការ​បាក់បែក​ឆ្អឹង​ចង្កេះ​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់​ពី​ទី​ខ្ពស់ និង​រអិល​ជាដើម
– ការ​គាប ឬ​សង្កត់​ទៅ​លើ​សរសៃ​ប្រព័ន្ធ​ប្រសាទ
– ជំងឺមហារីក ។​ល​។

​បញ្ជាក់​៖ មូលហេតុ​ភាគច្រើន​បណ្ដាល​មក​ពី​ការ​លូន​មក​ក្រៅ​នៃ​ទ្រនាប់​ឆ្អឹង ហើយ​ប្រសិនបើ​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ឆាប់រហ័ស និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ វា​អាច​ផ្ដល់​ផលវិបាក​ដូច​ជា ពិការ​ជើង វិបត្តិ​បន្ទោ​របង់ និង​ការ​ឈឺចាប់​ខ្លាំង​រហូត​មិន​អាច​ធ្វើការ​បាន​។

ខ​) កត្តា​ប្រឈម​មុខ​នឹង​បញ្ហា​ឈឺចង្កេះ​មាន​ដូច​ជា​៖
– អ្នកធ្វើការ​ងារ​ដោយ​ប្រើ​កំលាំងកាយ​ខ្លាំង​ដូច​ជា លី​សែង​របស់​ធ្ងន់​ៗ
– អ្នកធ្វើការ​ងារ​ដែល​អង្គុយ ឬ​ឈរ​ដោយ​ប្រើ​រយៈពេល​យូរ
– ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ធាត់ មនុស្ស​ចាស់ជរា
– អ្នក​ដែល​ពុំ​សូវ​បាន​ហាត់ប្រាណ​ជា​ប្រចាំ
– ស្ត្រី​ដែល​ចូល​ចិត្ត​ពាក់​ស្បែកជើង​កែង​ខ្ពស់​ៗ

គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រូវ​ពឹងផ្អែក​លើ​៖
– ការ​សាកសួរ​ពី​រោគ​សញ្ញា និង​ការ​ពិនិត្យ​មើល​អ្នកជំងឺ
– ការ​ពិនិត្យ​មើល​ឈាម​មួយ​ចំនួន​ទៅ​តាម​ប្រភេទ​ជំងឺ
– ការ​ថត​ឆ្លុះ​ឆ្អឹងខ្នង​ដោយ​ម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹម​អរ​អាយ ស្កា​ន់​នែរ (X-Ray, MRI, Scanner) ជាដើម​។

ឃ​) ការ​ព្យាបាល​៖
ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទៅ​តាម​ជំនាញ​ឯកទេស​ពិតប្រាកដ ព្រមទាំង​មាន​ឧបករណ៍​ពិនិត្យ​ទំនើប​ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ការ​ជឿ​ទុកចិត្ត​។ ការ​ព្យាបាល​គឺ​ទៅ​តាម​ប្រភេទ​ជំងឺ​មាន​ដូច​ជា​៖
– ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ
– ការ​វះកាត់
– ការ​ព្យាបាល​ដោយ​ចលនា
– ការ​សម្រាក​ពី​ការងារ​ទៅ​តាម​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ
– ការ​អប់រំ​ពី​របៀប​រស់នៅ​ដែល​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​ឈឺចង្កេះ៕