កសិករក្នុងស្រុកភ្នំព្រឹកអាចរកប្រាក់ចំណូល ពីដំណាំស្ពៃជើងទា

0

កសិករភាគច្រើនដែលរស់នៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចាប់យកមុខរបរដាំដំណាំបន្លែរយៈខ្លីដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីរដូវធ្វើស្រែកន្លងហួសទៅ។ មានផ្ទៃដីប្រមាណ១០រ៉ៃ ក៏កសិករអាចរកប្រាក់ចំណូលបានច្រើនគួរសមពីការដាំដំណាំស្ពៃជើងទា ឬអ្នកខ្លះហៅថាស្ពៃជ្រក់។

កសិករ ជា នឿម រស់នៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ដែលចាប់យកមុខរបរដាំបន្លែ ក្រៅពីធ្វើស្រែតាមរដូវបានរៀបរាប់ថា លោកមានទំហំដីប្រមាណ១០រ៉ៃ ដែលត្រូវបានប្រើប្រាស់សម្រាប់ដាំស្ពៃជើងទាដែលក្នុង១ឆ្នាំ អាចឱ្យលោករកចំណូលបាន២ដង ហើយជាធម្មតាតម្លៃស្ពៃនេះចន្លោះពី១៥០០ ទៅ៣៥០០រៀលក្នុង១គីឡូក្រាម ដោយមានឈ្មួញមកប្រមូលទិញដល់ចម្ការ។ គេយកទៅលក់នៅក្រុងបាត់ដំបង និងទៅភ្នំពេញ។

ការដាំបន្លែស្ពៃជើងទា ឬស្ពៃជ្រក់នេះ កសិកររូបនោះមានជំនាញយូរឆ្នាំហើយ និងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទាញយកទិន្នផលស្ពៃទទួលបានល្អប្រសើរលក់ទៅលើទីផ្សារបើទោះជាពេលខ្លះតម្លៃមិនឆ្លើយតបតាមការរំពឹងទុករបស់គាត់ក៏ដោយ ក៏គាត់នៅតែព្យាយាមដាំដុះជាហូរហែរ។

កសិកររូបនោះបានប្រាប់ឱ្យដឹងថា ខ្ញុំមានបទពិសោធន៍ក្នុងការដាំស្ពៃជើងទានេះជិត២០ឆ្នាំមកហើយ ខ្ញុំបានចែករំលែកចំណេះដឹងនេះទៅបងប្អូនណាដែលគាត់ចង់ប្រកបរបរនេះដែរ។ មានអ្នកស្រុកអ្នកភូមិជាច្រើនបានមកទិញពូជ និងរៀនដាំពីខ្ញុំហើយទទួលបានផលល្អ។ វិធីសាស្រ្តនៃការដាំដុះស្ពៃឱ្យទទួលបានទិន្នផលខ្ពស់ គឺដំបូងត្រូវមើលប្រភពទឹក និងភ្ជួររាស់ដីឱ្យបានម៉ត់ស្មើល្អ ភ្ជួររាស់ពីរដងដើម្បីហាលដីឱ្យបានស្ងួតល្អ បន្ទាប់មករៀបចំប្រព័ន្ធទុយោទឹកជាស្រេច និងចាប់ផ្តើមសាបព្រួសគ្រាប់តែម្តង។ រយៈពេលនៃការព្រួសគ្រាប់ចាប់ពី២៧ថ្ងៃ ទៅ៣០ថ្ងៃ អាចដកយកកូនមកស្ទូងបានហើយ ដោយស្ទូងចន្លោះពីគុម្ពមួយ ទៅគុម្ពមួយយ៉ាងហោច ២តឹកកន្លះ ដើម្បីឱ្យស្ពៃអាចលូតលាស់បានចន្លោះពីជាងមួយគីឡូក្រាម ក្នុងមួយគុម្ព។

លោកបានបន្តថា មុខរបរដាំស្ពៃជើងទារបស់លោករាល់ឆ្នាំ ក្រោយពីប្រមូលផលពោតលើទំហំដីតែមួយនេះ លោកតែងទទួលបានប្រាក់ចំណូល គួរសម ដែលអាចទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបានយ៉ាងល្អប្រសើ។ សម្រាប់ទីផ្សារស្ពៃជើងទានេះក៏មិនចង្អៀតពេកទេ ខណៈដែលស្ពៃប្រភេទនេះ គឺពេញនិយមក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅសម្រាប់កែច្នៃជារបបអាហារប្រចាំថ្ងៃ ហើយស្ពៃប្រភេទនេះក៏អាចទាញបានចំណូល២ប្រភេទដែរ គឺចំណូលតាមរយៈធ្វើជ្រក់ និងចំណូលលក់ស្ពៃស្រស់ ដែលកសិករដទៃទៀតគួរតែដាំដុះ ព្រោះអាចរកចំណូលបានប្រសើរ ក្រោយពីប្រមូលផលស្រូវ។

លោក ជា នឿម ក៏ស្វាគមន៍ក្នុងការជួយបង្ហាត់បង្រៀនផ្នែកបច្ចេកទេសដាំឱ្យទទួលបានទិន្នផលល្អ ប្រសិនជាកសិករនៅឃុំ ស្រុកផ្សេងៗចង់ប្រកបរបរនេះ៕