មកស្វែងយល់អំពីវិធីសាស្ត្រ​បឋម​ដើម្បី​បង្ការ និង​ព្យាបាល ជំងឺ​គ្រុនផ្តាសាយ

0

ភ្នំពេញ៖ វិធីសាស្ត្រ​បឋម​ដើម្បី​បង្ការ និង​ព្យាបាល ជំងឺ​គ្រុនផ្តាសាយ​៖

១) អ្វី​ទៅ​ជា​ជំងឺ​គ្រុនផ្តាសាយ ?
ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ វីរុស​(Virus)​។
ភាគច្រើន​ជំងឺ​នេះ​ច្រើន​កើតឡើង​នៅ​រដូវវស្សា និង​រដូវ​លំហើយ​។

២) ការ​ចម្លង​មេរោគ​÷
ជំងឺ​ផ្តាសាយ​ឆ្លង​តាម​រយៈ
– ការ​ក្អក
– កណ្តាស់
– សំបោរ ស្លេស
– នៅ​ក្បែរ​អ្នកជំងឺ​ផ្តាសាយ ឬ​ប៉ះ​វត្ថុ​ដែល​មាន​មេរោគ

៣) រោគ​សញ្ញា​÷
អាកា​រៈទូ​ទៅ​នៃ​ជំងឺ​គ្រុនផ្តាសាយ​មាន​:
– ចាប់ផ្តើម​ឈឺ​គ្រុនក្តៅ​ភ្លាម​ៗ
– អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ
– ឈឺខ្លួន ឈឺ​ក ឈឺក្បាល រងា ញាក់
– ក្អក​ហៀ​សំបោរ ។​ល​។

៤) វិធី​បង្ការ​÷
ដើម្បី​បង្ការ​កុំអោយ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​យើង​ត្រូវ​អនុ​វ​ត្តៈ
– ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​រៀង​រាល់​១​ឆ្នាំ​ម្តង​។
– ខ្ទប់មាត់​របស់​អ្នក​ដោយ​ប្រើ​ក្រដាស ឬ​កន្សែង​នៅ​ពេល​ក្អក ឬ​កណ្តាស់ ឬ​ខ្ទប់មាត់​ដោយ​ដៃ​របស់​អ្នក
– លាងដៃ​អោយ​បាន​ស្អាត
– សម្អាត​សម្ភារៈ​ប្រើប្រាស់​អោយ​បាន​ស្អាត
– ពាក់​ម៉ាស់​អោយ​បាន​ត្រឹមត្រូវ ។

៥) វិធីសាស្ត្រ​បឋម​ដើម្បី​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​មាន​៖
ក​. វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​:
– សម្រាក​អោយ​បាន​គ្រប់គ្រាន់ និង​មាន​ខ្យល់អាកាស​បរិសុទ្ធ
– ផឹកទឹក​អោយ​បាន​ច្រើន
– វិធី​ទី ១ ហាន់​ខ្ញី​ជា​ចំណិត​ៗ​តូច​ៗ​ហើយ​លាយ​ជាមួយ​ទឹក​ក្តៅ​ផឹក​រាល់ថ្ងៃ​។
– វិធី​ទី ២ លាយ​ទឹកឃ្មុំ ២​ស្លាបព្រា​កាហ្វេ និង​ទឹកក្រូច​ឆ្មា​១​ស្លាបព្រា​កាហ្វេ រួច​យក​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​មួយ​កែវ​តូច​ល្មម​ដើម្បី​ផឹក​រាល់ថ្ងៃ​។

ខ​. វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​ឱសថ​ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​គេហដ្ឋាន​:
– បើ​មាន​អាកា​រៈ​ឈឺក្បាល ឬ​គ្រុនក្តៅ​៖ ប្រើ​ឱសថ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិន​អោយ​លើស​ពី ៣​ក្រាម​ក្នុង​មួយ​ថ្ងៃ (​ចំពោះ​មនុស្ស​ធំ​) ឬ​មិន​អោយ​លើស​ពី ៦០​មី​លី​ក្រាម​ក្នុង ១​គីឡូ (​ចំពោះ​ក្មេង​)​។
– ករណី​មាន​អាកា​រៈ ផ្តាសាយ​ហៀ​សំបោរ​បន្ថែម​៖ គួរ​ប្រើ​ឱសថ ប្រូ​មេតា​ស៊ី​ន​បន្ថែម ២ ទៅ ៤​ដង​ក្នុង​១​ថ្ងៃ មិន​អោយ​លើស​ពី ១៥០​មី​លី​ក្រាម​ក្នុង​១​ថ្ងៃ (​ចំពោះ​មនុស្ស​ធំ​) ឬ​Tamiflu ចំនួន​៧៥​មី​លី​ក្រាម ២​ដង​ក្នុង​មួយ​ថ្ងៃ (​រយៈពេល​៥​ថ្ងៃ​)​។

បើ​មាន​រោគ​សញ្ញា​ណាមួយ​កើតឡើង​ដូច​ជា ឈឺបំពង់ក ឈឺច្រមុះ និង​ក្តៅខ្លួន​ខ្លាំង​លើស​ពី​៣៨​អង្សា​សេ អ្នកជំងឺ​គួរ​ស្វែងរក​សេវា​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ទទួល​បានការ​ពិនិត្យ និង​ព្យាបាល​ត្រឹមត្រូវ និង​ជៀសវាង​ការ​ផ្សំ​ថ្នាំលេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ដែល​អាច​នាំ​អោយ​ប៉ះពាល់​ដល់​សុខភាព​លោក​អ្នក​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត