ភ្នំពេញ៖ តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រ ដែលធ្វើឡើងក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មីនៃមេរោគេអដស៍មានការថយចុះពី១.៣០០នាក់ នៅឆ្នាំ២០២២ មកនៅត្រឹម១.២០០នាក់ នៅឆ្នាំ ២០២៣ គឺមានការធ្លាក់ចុះចំនួន១០០នាក់។ ខណៈដែរការចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានការថយចុះ ពីអត្រា១១% នៅឆ្នាំ២០២២ មកត្រឹម៨% នៅឆ្នាំ២០២៣។ ចំណែកឯ អត្រាអ្នក ដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានកើនឡើងពី៨៦%នៅឆ្នាំ២០២២ ទៅ៨៩% នៅឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពល្អប្រសើរក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជានាឆ្នាំ២០២៣ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅថា្នក់ជាតិ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី៨ ខែកក្កដានេះ បានឱ្យដឹងថា លទ្ធផលនេះបញ្ជាក់ ពីការប្រឹងប្រែងរួមរបស់កម្ពុជា ដែលបាន និងកំពុងទទួលបានលទ្ធផលល្អ តែទាមទារឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទោះបីជាទទួលបានលទ្ធផលល្អយ៉ាងណាក្តី កម្ពុជាបានបន្ត និងកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដែលក្នុងនោះ អត្រាឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមក្រុមប្រជាជន គន្លឹះដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់ រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែង ភេទ ក្រុមស្ត្រីបម្រើសេវាកម្សាន្ត និងក្រុមប្រើប្រាស់-ចាក់គ្រឿងញៀន។ ជាពិសេស ការឆ្លងថ្មីភាគច្រើន ក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ដែលជាក្រុមអាយុមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នូវការយល់ដឹងពីមេរោគអេដស៍។
លោកស្រី ប៉ាទ្រីស អុងពីន (Patricia Ongpin) នាយិកាប្រចាំប្រទេសរបស់អង្គការ UNAIDS ប្រចាំកម្ពុជាបានថ្លែងថា ជំហានចុងក្រោយ ដើម្បីសម្រេចបានគោលដៅឆ្លើយតបនឹងមេរោគ អេដស៍ថ្នាក់ជាតិ នឹងមានការលំបាក។ ប៉ុន្តែកម្ពុជាពិតជាអាចជម្នះបាន តាមរយៈកិច្ចខិតខំប្រឹងប្រែង រួមគ្នាលើការផ្តល់សេវាបង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមគ្នា នៅគ្រប់កម្រិត និងតាមវិស័យនានាព្រមទាំងការដោះស្រាយឧបសគ្គនានា ដែលបង្កើតការមាក់ងាយ និងការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ អ្នកដែលរងផលប៉ះពាល់ ឬមានហានិភ័យនឹងការឆ្លងមេរោគេអដស៍។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមាន ប្រសាសន៍ថា ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ត្រូវផ្អែកលើសសរស្តម្ភបីគឺ៖ ១- ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ២- ភាពជាដៃគូ និង៣- ការវិនិយោគ រួមជាមួយនឹង គោលការណ៍រួមបីមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួល តែមួយ និងប្រព័ន្ធតាមដាននិងវាយតម្លៃតែមួយ៕