ភ្នំពេញ៖ ប្រភេទដំណាំស្វាយចន្ទីឆៅរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេសកន្លងមក គឺបាននាំទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នការនាំចេញនេះបាន ធ្លាក់ចុះបន្តិចវិញ ក្រោយពីពេលដែលការកែច្នៃក្នុងស្រុកកាន់តែកើនឡើង។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ ប្រាប់បណ្តាញសារព័ត៌មាននាថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤នេះថា៖ កាលពីមុនមកនេះ គ្រាប់ស្វាយចន្ទីឆៅ នៅកម្ពុជានាំចេញក្រៅប្រទេសស្ទើរតែ៩៩ភាគរយទៅហើយ ដោយក្នុង ចំណោមនេះគ្រាប់ស្វាយចន្ទីនាំទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ។ សម្រាប់នាពេល បច្ចុប្បន្ននេះដែរ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់មានប្រមាណ៩០ភាគរយ ទាំងនេះដោយ សារថាការកែច្នៃគ្រាប់ផ្លែចន្ទីស្រស់នៅក្នុងស្រុកមាននិន្នការកាន់តែកើនឡើង។
អ្នកនាំពាក្យរូបនេះថ្លែងដែរថា៖ ក្រសួងកសិកម្មចង់បានការកែច្នៃគ្រាប់ចន្ទីស្រស់ និងគ្រាប់ស្វាយចន្ទីឆៅក្នុងស្រុកឱ្យទៅជាផលិតផលសម្រេចដើម្បីនាំចេញទៅក្រៅប្រទេស។ ក្រសួងត្រូវការក្រុមហ៊ុនវិនិយោគកើនឡើង ជាមួយគ្នានេះការកែច្នៃនាំចេញនេះដែរ គឺនឹងនាំមកនូវប្រាក់ចំណូលដល់ប្រជាកសិករ ដល់សហគ្រាស ហើយយន្តការមួយនេះ គឺជាការចង់បានរបស់ក្រសួងកសិកម្ម។
លោកជំទាវបានថ្លែងបញ្ជាក់បន្ថែមថា ”ការកែច្នៃគ្រាប់ចន្ទីស្រស់ និងគ្រាប់ចន្ទីឆៅ ឱ្យទៅជាផលិតផលសម្រេច ហើយនាំចេញទៅក្រៅប្រទេស ការវិនិយោគទៅលើការកែច្នៃនេះ គឺមានសារៈសំខាន់ទាល់តែមែនទែនក្នុងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលផ្លែចន្ទី តម្លៃ បន្ថែមនេះហើយគឺផ្តល់ផលចំណេញបន្ថែមរបស់ប្រជាកសិករលើការដាំដុះ ហើយ និងមុខមាត់របស់ផលិតផលរបស់កម្ពុជាលើឆាកអន្តរជាតិ”។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីការពារ ពូជស្វាយ ចន្ទីចំនួន ៤ ប្រភេទ រួមមានពូជចន្ទី M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ដែលអ្នកជំនាញ ខាងដំណាំស្វាយចន្ទីនៅកម្ពុជា បានរកឃើញ ដោយសមាគម ស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ពូជទាំងនេះ ជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា។ បើតាម សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន នេះ កម្ពុជាបានរកឃើញពូជស្វាយចន្ទីចំនួន ៧ ប្រភេទ រួមមាន៖ M-1 ឬ SM-1, M-23, IM-4, M-10,H-09, IM-7និងពូជ SAN-1។ ក្នុងចំណោម ពូជទាំងនេះ ពូជ M23 មានការដាំដុះ ច្រើនជាងគេគឺប្រមាណ ៧០ ភាគរយ ពូជ H09 ១០ ភាគរយ ពូជ M1 ៥ ភាគរយ និងពូជ M10 ៥ ភាគរយ ក្រៅពីនេះ មានដាំដុះពូជដូនតា រួមនឹង ពូជនាំចូលពី វៀតណាម ១០ភាគរយ ផងដែរ។ សម្រាប់ផ្ទៃដីដែលសមស្រប ក្នុងការដាំ ដំណាំស្វាយចន្ទីនៅកម្ពុជា មានប្រមាណ ២,៣៨លានហិកតា។ ខណៈផ្ទៃដីសម ស្របជា មួយការដាំដំណាំកសិកម្មជាង ៣លាន២ សែនហិកតា។ ក្រៅពីនេះដំណាំផ្លែចន្ទីមាន ជិត៧០ម៉ឺន ហិកតាត្រូវបាន ដាំដុះនៅក្នុង ចំណោមផ្ទៃដីកសិកម្មជាង៣លាន២សែនហិកតានេះ។
គួររំលឹកថា បើយោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ ម៉ឺនតោន, ក្នុងឆ្នាំ២០២០ ចំនួន ៩៥ ម៉ឺនតោន ឆ្នាំ២០២១ ចំនួន ១,១ លានតោន ឬប្រមាណ២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក, ឆ្នាំ២០២២ ចំនួន ៦៧ ម៉ឺនតោន, នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ឆៅទៅ កាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះប្រមាណជាង១០ភាគរយ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃក្នុងរង្វង់ ១ ៩០០ ដុល្លារ ក្នុង ១ តោន រីឯគ្រាប់ស្វាយចន្ទីកែច្នៃរួចអាច មានតម្លៃប្រហែល ៨ ០០០ ដុល្លារ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថ្មីៗនេះថា ស្វាយចន្ទី ជាដំណាំឧស្សាហកម្ម ដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងចំណោមនេះស្វាយចន្ទី បានជាប់ចំណាតថ្នាក់លេខ ៣ ជាកសិផលនាំ ចេញក្រៅ ប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕