កែប៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តកែប។ ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល
៣) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
៤) អនាម័យក្នុងមណ្ឌលសុខភាព
៥) អនាម័យក្នុងឃ្លាំងឱសថ
៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តកែប។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ និងមន្ទីរពេទ្យខេត្តកែបកម្រិត(CPA2) នៅក្នុងខេត្តកែប ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា ទីតាំងដែលក្រុមការងារចុះត្រួតពិនិត្យមានដូចជា៖ ឃ្លាំងឱសថមន្ទីរពេទ្យខេត្តកែប មណ្ឌលសុខភាពចំការបី មណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក មណ្ឌលសុខភាពព្រៃធំ មណ្ឌលសុខភាពអូរក្រសារ៕