ស្វែងយល់អំពីផលវិបាកនៃការសម្រាលកូនដោយវះកាត់!

0

ភ្នំពេញ៖ ជា​ទូទៅ ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​សម្រាល​បុត្រ​តាម​ផ្លូវ​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ មាន​តិចតួច​ជាង​ការ​វះកាត់​។ ករណី​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះត្រាតែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ និង​កូន​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​ការ​វះកាត់ មានការ​កើន​ឡើងជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ ជា​ពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។ ស្ត្រី​មួយ​ចំនួន​យល់​ខុស​ថា ការ​សម្រាលកូន​ដោយ​វះកាត់ មាន ភាព​ងាយស្រួល ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ឈឺពោះ​សម្រាល និង​មើល​រំលង​ផលវិបាក​ផ្សេង​ៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្តាល​មក​ពី​ការ​វះកាត់​នេះ​។ ដូច្នេះ តើ​មាន​ផលវិបាក​អ្វីខ្លះ​អំឡុង និង​ក្រោយ​ពេល​ការ​វះកាត់​សម្រាលកូន?

May be an image of text that says 'ការវះកាត់យកកូន f CALMETTE CALMETTEHOSPITALPAGE HOSPITAL'

ក​) ផលវិបាក​អំឡុង​ពេល​វះកាត់​៖
– ផលវិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)
– ការ​បាត់បង់​ឈាម​ច្រើន​ពេល​វះកាត់
– ការ​ដាច់​រហែ​កក​ស្បូន​ខ្លាំង
– របួស​ប្លោក​នោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ

ខ​) ផលវិបាក​ក្រោយ​ពេល​វះកាត់​ភ្លាម​ៗ ១០% ទៅ ៤២%៖
– ការ​បង្ក​រោគ​ផ្សេង​ៗ មាន​ដូច​ជា​៖ ការ​រលាក​ប្លោក​នោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោមពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម​។
– ការ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កកឈាម​លើ​ស្នាម​របួស​ស្បូន ឬ​ក្រោម​របួស​ស្បែក
– ភាពស្លេកស្លាំង
– ផលវិបាក​ស្ទះ​សរសៃឈាម​តូច​ៗ ជា​ពិសេស​សរសៃឈាម​ក្នុង​សួត​ធ្វើ​ឲ្យ​មាន​វិបត្តិ​ផ្លូវដង្ហើម

May be an image of text

គ​) ផលវិបាក​ក្រោយ​ពេល​វះកាត់ នៅ​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង​៖
– ការ​វះកាត់​យក​កូន​សារ​ជា​ថ្មី
– ការ​ធ្លាយ​ស្បូន
– សុក​ពាំង​មាត់ស្បូន
– សុក​ចាក់​ឬ​ស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោក​នោម

ផលវិបាក​ទាំង​អស់នេះ​មិនសូវ​កើត​មាន​ជា​ញឹកញាប់​ទេ តែ​ករណី​ខ្លះ​អាច​គំរាម​គំ​ហែង​ដល់​អាយុជីវិត​ស្ត្រី​បាន​។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏ សម​ស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital

May be an image of xray and textMay be an image of text