ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខា ភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការកើតជំងឺហ្ស៊ីកា (Zika) នៅតាមបណ្តាខេត្តមួយចំនួន ខណៈវីរុសហ្ស៊ីកានេះ ឆ្លងមកមនុស្សតាមរយៈមូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជំងឺហ្ស៊ីកា (Zika) ចំនួន១ករណី ដែលបានកើតលើកុមារអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាកនៅមនី្ទរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា គិតមកដល់ពេលនេះ គឺជាករណីទី៨ហើយ ចាប់តាំងពីឆ្នាំ២០០០មក ដែលបានរកឃើញនូវវីរុសហ្ស៊ីកានេះលើកុមារ។ លោកវេជ្ជបណ្ឌិតបន្ថែមថា មន្រ្តីជំនាញ បានចុះទៅទីតាំងដែលកុមារមានផ្ទុកជំងឺហ្ស៊ីកា នឹងបានធ្វើតេស្តទៅលើអ្នកផ្សេងៗទៀត ដែលបានពាក់ព័ន្ធ ជាមួយកុមាររូបនេះ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់។ លោកវេជ្ជបណ្ឌិតបន្ថែមថា បច្ចុប្បន្ននេះ មន្រី្តជំនាញនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថា្នក់ជាតិ បានសហការគ្នាជាមួយមន្រី្តក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់ទាំងអស់ បានចុះទប់ស្កាត់ ដូចជាការបាញ់សម្លាប់សត្វមូស សម្អាតអនាម័យជុំវិញផ្ទះ ក៏ដូចជាក្នុងសហគមន៍ ជាពិសេសដាក់ផែនការបន្តរុករកជាបន្តបន្ទាប់ទៀត ដើម្បីឱ្យប្រាកដថា នៅក្នុងមូលដ្ឋាននោះមានជំងឺនេះ ឬគ្មានជំងឹនេះឆ្លងបន្តគ្នា។ លោកវេជ្ជបណ្ឌិត ក៏បានស្នើឱ្យ ប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្ការជានិច្ចចំពោះកុមារតូចៗ នឹងស្រី្តមានផ្ទៃពោះ ។
«តាមការអង្កេតបឋមរកឃើញថាកុមារនេះ ឪពុកម្តាយពុំធ្លាប់ទៅធ្វើដំណើរទៅបរទេសនោះទេ គឺគាត់រស់នៅក្នុងស្រុក។ ដូច្នេះមានន័យថា ជាករណីមួយកើតមាននៅក្នុងប្រទេសរបស់យើង ប៉ុន្តែយើងបានស្រាវជ្រាវជាបន្តទៀតថា នៅក្នុងប្រទេសរបស់យើង ដែលយើងបានសិក្សាទៅលើភិនភាគរបស់កុមារមួយចំនួនទៀតគឺអវិជ្ជមានទាំងអស់។ ហើយយើងក៏កំពុងសិក្សាទៅលើមូលដ្ឋានបន្ថែមទៀត ទោះបីជាយ៉ាងណាក៏ដោយយើងសូមអំពាវនាវដល់ប្រជាពល រដ្ឋ កុំរង់ចាំថា មានឬក៏មិនមាន សូមឱ្យបង្ការសុខភាពកុំ ឱ្យមានមូសខ្លាខាំ ប្រសិនជាបង្ការបាន យើងក៏អាចបង្ការទាំងជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា ជំងឺគ្រុនឈីក ឈឺសន្លាក់ដៃជើង ដោយរួមគ្នាសម្អាតអនាម័យជុំវិញផ្ទះ សម្អាតកុំឱ្យមានដក់ទឹក។»
លោកប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបន្ថែមទៀតថា វីរុសហ្ស៊ីកានេះ គឺឆ្លងមកមនុស្សតាមរយៈមូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ ហើយប្រភេទមូសខ្លានេះ គឺដូចគ្នានិងមូសខ្លា ដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា ជំងឺហ្ស៊ីកានេះ ក៏អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាងកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង វីរុសនេះក៏ឆ្លងពីម្តាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាលផងដែរ។
យោតតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ក្នុងករណីស្រី្តមានផ្ទៃពោះ នៅពេលមានមូសខ្លាខាំរួចហើយ និងវិជ្ជមានជំងឺហ្ស៊ីកា អាចធ្វើឱ្យទារកកើតមកមិនគ្រប់ខែ ឬមួយនៅពេលទារកកើតមកមានក្បាលតូច ជាគ្រោះថ្នាក់មួយដល់សុខភាពរបស់ទារក និងសុខភាពផ្លូវចិត្តរបស់កុមារ។ ទន្ទឹមនឹងនោះបើបងប្អូនប្រជាពលរដ្ឋ មានករណីសង្ស័យ ឬមួយចង់រាយការណ៍ និងសួរព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ១១៥៕
ប្រភព៖ ក្រសួងព័ត៌មាន