ភ្នំពេញ៖ បច្ចុប្បន្នមានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ SISដែលជាមុខងារសម្រាប់គ្រប់គ្រងព័ត៌មានសាលារៀន ការ សិក្សាតាមអេឡេចត្រូនិក ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត ដែលបង្កភាពងាយស្រួលសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រង។
ក្នុងសិក្ខាសាលាស្ដីពី “ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ឆ្ពោះទៅរកបរិវត្តកម្មការអប់រំឌីជីថល” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបើកឱកាសសម្រាប់អ្នកសម្រេចចិត្តគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈ្វេងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ SIS ពិនិត្យវឌ្ឍនភាព និងទិសដៅបន្តក្នុងការអនុវត្តប្រព័ន្ធ SIS នៅក្នុងខេត្តកំពង់ចាម។ ក្រសួងអប់រំ បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំផ្ដោតលើការលើកកម្ពស់គុណភាពអប់រំ ដែលសំដៅលើការកសាងមូលធនមនុស្សប្រកប ដោយសក្តានុពលពេញលេញ តាមរយៈដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ មានគោលនយោបាយចំនួនប្រាំបីចំណុច ដើម្បីឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថាក្រោមការសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយក្រុមហ៊ុនមិត្តហ្វូន ចាប់ពីឆ្នាំ២០២០ បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ហើយមកទល់បច្ចុប្បន្ននេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ យើងសង្កេតឃើញថាបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិក ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត ដែលបង្កភាពងាយស្រួលសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រង។
បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀននេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម។ ជាពិសេស ជាសំណូមពររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឱ្យក្រុមហ៊ុនមិត្តហ្វូន បញ្ចូលគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចូលទៅក្នុងគម្រោងរួមមាន៖ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលភូមិភាគទាំង ៤ នៅខេត្តតាកែវ ព្រៃវែង កណ្ដាល និងខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការចំនួន ១៥ ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធនេះបន្ទាប់ពីគរុសិស្ស គរុនិសិ្សត ចេញបម្រើការតាមសាលា និងគ្រឹះស្ថានអប់រំនានា ក្រោយការបញ្ចប់ការសិក្សា៕
ប្រភព៖ ក្រសួងព័ត៌មាន