បរទស៖ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កាលពីថ្ងៃទី៥ ខែសីហា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វាទី៤ ដែលបានកើតលើស្ត្រីម្នាក់អាយុ ២២ឆ្នាំដែលជាការឆ្លងលើស្ត្រីដំបូងគេដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។
អគ្គនាយក DDC លោក អូផាត កនកាវីនពុង បាននិយាយថា អ្នកជំងឺនេះត្រូវបានគេរាយការណ៍ថា ឧស្សាហ៍ទៅកម្សាន្តពេលយប់នៅទីក្រុងបាងកកម្តងក្នុងមួយសប្តាហ៍ ហើយកាលពីថ្ងៃទី ២៩ ខែកក្កដា នាងបានកើតគ្រុនក្តៅ បន្ទាប់មកមានពងបែកដែលលេចឡើងនៅលើជើង និងដៃរបស់នាងនៅថ្ងៃបន្ទាប់។ ក្រោយមក ពងបែកទាំងនោះបានរាលដាលពាសពេញរាងកាយរបស់នាង។
នៅថ្ងៃទី៣ ខែសីហា នាងបានទៅពិនិត្យនៅមន្ទីរពេទ្យមួយនៅក្នុងខេត្តសាមុតប្រាកាន ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។
សំណាករបស់នាងត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន ដែលក្រោយមកបានបញ្ជាក់ថា នាងបានឆ្លងមេរោគជំងឺអុតស្វា។
នៅពេលមុននេះ ប្រទេសថៃបានបង្កើនវិធានការត្រួតពិនិត្យជំងឺអុតស្វានៅគ្រប់ចំណុចត្រួតពិនិត្យជំងឺ និងច្រកចូលអន្តរជាតិទាំងអស់ បន្ទាប់ពីរកឃើញករណីឆ្លងទីបី៕
ប្រភព៖ ក្រសួងព័ត៌មាន