បរទេស៖ អ្នកជំនាញខាងភាពស៊ាំ និងអ្នកជំនាញផ្នែកជំងឺឆ្លងដ៏គ្រោះថ្នាក់ជាពិសេស លោក Vladislav Zhemchugov បានប្រាប់សារព័ត៌មានតាសស៍ថា វានឹងអាចនិយាយបានច្បាស់ ប្រសិនបើជំងឺកូវីដ-១៩ នឹងក្លាយជាជំងឺតាមរដូវកាលក្នុងមួយឆ្នាំ។
យោងតាមរូបលោកបានឱ្យដឹងថា មានសេណារីយ៉ូចំនួនពីរសម្រាប់ការបញ្ចប់នៃជំងឺរាតត្បាតនេះ។ ក្រោមសេណារីយ៉ូមួយក្នុងចំណោមសេណារីយ៉ូទាំងពីរនោះ ការឆ្លងមេរោគនោះនឹងប្រែក្លាយទៅជាជំងឺផ្តាសាយតាមរដូវកាល។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា «នៅក្នុងនិទាឃរដូវក្រោយ យើងនឹងមើលឃើញប្រសិនបើរលកនៃការឆ្លងបានបញ្ចប់ដោយវាក្លាយជាជំងឺផ្តាសាយ ឬនៅតែបន្តរហូតដល់រដូវក្តៅ។ យើងត្រូវការពេលវេលាដើម្បីរកឱ្យឃើញថា តើជំងឺកូវីដ-១៩ នោះបានក្លាយជាជំងឺតាមរដូវកាលឬអត់»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zhemchugov ជឿជាក់ថា សេណារីយ៉ូដែលទំនងជាងនេះ គឺថាជំងឺរាតត្បាតនេះនឹងប្រែក្លាយទៅជាជំងឺឆ្លងតាមធម្មជាតិ។ អ្នកជំនាញរូបនេះបាននិយាយថា ក្នុងករណីនេះ មេរោគនោះនឹងត្រូវបានរកឃើញតាមបែបធម្មជាតិ។ អ្នកជំនាញរូបនេះបានសន្និដ្ឋានថា «នៅពេលកម្រិតនៃភាពស៊ាំមានការធ្លាក់ចុះ វានឹងចាប់ផ្ដើមឆ្លងរាតត្បាតសារជាថ្មីម្ដងទៀតក្នុងចំណោមមនុស្សទាំងឡាយ ដូចជាជំងឺប៉េស្ត និងជំងឺអេបូឡាជាដើម»៕
ប្រភព៖ ក្រសួងព័ត៌មាន