មនុស្សគ្រប់រួបតែងតែមានការប្រែប្រួល និងលូតលាស់រាង្គកាយយ៉ាងឆាប់រហ័ស ដោយសារកត្តាជីវសាស្ត្រ (ធម្មជាតិ) និងកត្តាសង្គម ជាពិសេសក្មេងស្រីដែលមានការលូតលាស់ ការប្រែប្រួលសរីរាង្គរបស់ខ្លួន និងវិវត្តន៏ទៅតាមដំណាក់កាលនីមួយៗ។ ជាការពិតណាស់ក្មេងស្រីនៅពេលចម្រើនវ័យ (ពេញក្រមុំ ឬគ្រប់ការ) គឺមានធ្លាក់ឈាមរដូវ ហូរមកតាមទ្វារមាស។ការមករដូវនេះ ជាលក្ខណៈធម្មជាតិ ដែលស្ត្រីគ្រប់រូបត្រូវប្រទះនៅក្នុងជីវិត។ ដើម្បីឱ្យកាន់តែច្បាស់ពីបញ្ហាមួយចំនួនជុំវិញការមកឈាមរដូវនេះ ទើបនៅក្នុង អត្ថបទរបស់យើងបានលើយកបញ្ហានេះមកបង្ហាញ ប្អូនស្រីៗជាពិសេសយុវវ័យឱ្យកាន់តែយល់ដឹងពីការមានឈាមរដូវរបស់ក្មេងស្រី។ ឈាមរដូវមានប្រភពមកពីក្នុងស្បូន។ក្មេងស្រីមកឈាម រដូវដំបូង(ចន្លោះអាយុពី៩ឆ្នាំដល់ ១៧ឆ្នាំ)។ ការមកឈាមរដូវនេះ ជាលក្ខណៈធម្មជាតិរបស់នារីគ្រប់រូប។ការចាប់ផ្តើមមករដូវមានន័យថា ក្មេងស្រីចាប់ផ្តើមពេញវ័យ និងអាចមានផ្ទៃពោះបាន ប្រសិនបើមានការរួមភេទជាមួយ បុរស។ ឈាមរដូវគឺ ជាការរបេះធ្លាក់នៃស្រទាប់ស្តើងៗ (ភ្នាសស្តើង) ខាងក្នុងនៃស្បូន ចេញមកខាងក្រៅលាយឡំជាមួយឈាមតាម ទ្វារមាសរៀងរាល់ខែ បណ្តាលមកពីការប្រែប្រួលអ័រម៉ូន។
ហើយជាធម្មតាវដ្តឈាមរដូវមានរយះពេលចន្លោះពី ២១ថ្ងៃ ទៅ ៣៥ថ្ងៃម្តង (២៨ថ្ងៃជាមធ្យម) វដ្តរដូវមានភាពខុសៗគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ជាមធ្យមការធ្លាក់ឈាមរដូវអាច មានរយៈពេលពី ៣ថ្ងៃទៅ ៧ថ្ងៃ។ ជាធម្មតា ឈាមរដូវធ្លាក់ច្រើននៅថ្ងៃទី១ឬថ្ងៃទី២ហើយបន្ទាប់មកកាន់តែតិចទៅៗរហូតដល់អស់។ នៅក្នុងកំឡុងពេលមានឈាមរដូវស្ត្រីមានអាការៈឈឺក្នុងពោះ ឈឺដោះ អារម្មណ៏មួម៉ៅឬមានការឈឺ ក្បាលតិចតួច ស្ត្រីមួយចំនួនមានការឈឺចាប់ (ឈឺពោះផ្នែកខាងក្រោម) ក្នុងអំឡុងពេលមានឈាមរដូវដោយសារការកន្ត្រាក់នៃស្បូន ស្ថានភាពនេះជារឿងធម្មតានៃការមកឈាមរដូវរបស់ស្ត្រី។
ការមកឈារដូវអាចមានការឈឺពោះចំពោះស្ត្រីមួយចំនួនតែវាមិនមែនជាជំងឺនោះទេ ហើយស្ត្រីអាចធ្វើការហាត់ប្រាណ ធ្វើការសម្រាក វាអាចកាត់បន្ថយការឈឺចាប់បាន ករណីដែលមិនបាត់ស្ត្រីអាចប្រើថ្នាំ បំបាត់ការឈឺចាប់បាន។ក្នុងកំឡុងពេលមកឈាមរដូវស្ត្រីគួរតែធ្វើអនាម័យដូចជា៖ត្រូវធ្វើការសម្អាតប្រដាប់ភេទជាមួយទឹកស្អាតយ៉ាងតិចឱ្យបាន ៣ ឬ ៤ ដងក្នុងមួយថ្ងៃ និងត្រូវផ្លាស់ប្តូរប្រើសំឡីអនាម័យឱ្យបានញឹកញាប់ពី (៣ ទៅ៤ ដងក្នុង១ថ្ងៃ) តែបើប្រើកំណាត់សំពត់ត្រូវបោកគក់សម្អាតជាមួយទឹកនិងសាប៊ូហើយ ហាលឱ្យត្រូវ ពន្លឺថ្ងៃ ។
ចៀសវាងការហែលទឹកត្រពាំង ឬទឹកទន្លេដែលកខ្វក់។
មានចំនុចមួយចំនួនដែលស្ត្រីគួរចងចាំ ប្រសិនបើការមកឈាមរដូវបន្តក្នុងរយៈពេល លើសពី ៨ ថ្ងៃ ឬមានឈាមធ្លាក់ខ្លាំងខុសពីធម្មតា រាំងរដូវ២ ទៅ៣ខែ ស្ត្រីត្រូវទៅពីគ្រោះយោបល់ជាមួយ មិត្តភក្តិ ឪពុកម្តាយ អាណាព្យាបាល អ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពឬ គ្រូពេទ្យជំនាញនៅគ្លីនិកអង្គការរ៉ាក់ ឬមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត៕