យល់​ដឹង​អំពី​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វិត PCR និង Rapid Test

0

ភ្នំពេញ៖ ការ​ធ្វើ​តេស PCR គឺ​ការ​ស្វែងរក RNA នៃ​វីរុស​កូ​វិត​ផ្ទាល់ ដែល​តេស្ត​នេះ​មាន​សុ​ក្រិត​ភាព​ខ្ពស់ ប៉ុន្តែ​ចំណាយពេល​យូរ​ដើម្បី​ទទួល​បាន​លទ្ធផល​ព្រោះ​ម៉ាស៊ីន​ត្រូវ​ចំណាយពេល​រត់។ ការ​ធ្វើតេស្ត​រហ័ស Covid Rapid Test គឺជា​ការ​រក​ឃើញ​នូវ​អង់​ទី​សែន​នៃ​វីរុស ដែល​ភាព​សុ​ក្រិត​នៅ​តិច​ជាង PCR ប៉ុន្តែ​អាច​ទទួលលទ្ធផល​លឿន​ជាង​មុន

តើ​សំណាក​គំរូ​អ្វី ដែល​អ្នក​ត្រូវការ?
»​ការ​យក​វត្ថុ​រាវ​ដែល​នៅ​ក្នុង​ច្រមុះ ឬ​បំពង់ក

តើ​អ្នក​ត្រូវ​ទទួល​បាន​លទ្ធផល​ក្នុង​រយៈពេល​ប៉ុន្មាន?
»15-20mins អាស្រ័យ​លើ​ប្រភេទ​នៃ​តេស្ត

​តើ​នៅ​ពេល​ណា​គួរ​ធ្វើ​ទើប​លទ្ធផល​មាន​ភាព​សុ​ក្រិត​បំផុត?
» ចន្លោះ ថ្ងៃ​ទី ៥ ដល់ ថ្ងៃ​ទី​១២ ឬ​នៅ​ពេល​ដែល​មាន រោគ​សញ្ញា ដែល​គេ​ហៅ​ថា​កំឡុង​ពេល​ឆ្លង និង​ពេល​ចំលង (Infectious Stage) ព្រោះ​នៅ​ពេល​នោះ ជា​ពេល​ដែល​ផ្ទុក​វីរុស​ខ្ពស់​បំផុត ហើយ​សមត្ថភាព​នៃ​ការ​រក​ឃើញ​អង់​ទី​ហ្សែ​ន វីរុស​ក៏​ខ្ពស់​ដែរ។ ប្រសិនបើ​អ្នក​ធ្វើតេស្ត​រហ័ស​នៅ​ចន្លោះ​ថ្ងៃ​ទី ១-៥ ឬ បន្ទាប់​ពី​ថ្ងៃ​ទី​១២ ឡើង​ទៅ នោះ​ឱកាស​នៃ​ភាព​មិន​ពិត​របស់​លទ្ធផល​អាច។ ខ្ពស់​ដោយសារ​តែ​ការ​ចុះ​ថយ​ការ​ប្រមូលផ្តុំ​របស់​វីរុស (False Negative)។ ភាព​ត្រឹមត្រូវ​នៃ​លទ្ធផល​ត្រូវ​បាន​បកស្រាយ​រួម អម​ជាមួយ​ប្រវត្តិ​ជំងឺ និង​ការ​បង្ហាញ​រោគ​សញ្ញា​របស់​អ្នកជំងឺ ហើយ​ទីតាំង​រស់នៅ​របស់​អ្នកជំងឺ និង​ទំនាក់ទំនង​ដែល​គាត់​បាន​ជួប​ប្រទះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​វាយតម្លៃ​លើ​លទ្ធផល​តេស្ត​នេះ​ដែរ​។

​ការ​ធ្វើតេស្ត​នេះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់ សម្រាប់​ការ​សំរេចចិត្ត​បញ្ចប់​ពេលវេលា​ច​តា​ឡី​ស័ក ឬ​ចាប់ផ្តើម​ការ​ព្យាបាល​ណាមួយ​នោះ​ទេ ប៉ុន្តែ​វា​ផ្តល់​នូវ​លទ្ធផល​រហ័ស​ដែល​អាច​បន្ថែម​បន្ទុក​នៃ​ការ​សង្ស័យ​កំរិត​ខ្លាំង និង អាច​ជួយ​កំណត់​ការ​សម្រេចចិត្ដ ច​តា​ឡី​ស័ក​តំបន់ ឬ​បុគ្គល​ណា​ម្នាក់​បាន​លឿន​ជាង​មុន ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​ក្នុង​កំឡុង​ពេល​ផ្ទុះ​ឡើង​នេះ​។

​ចំពោះ​បុគ្គលិក​សុខាភិបាល នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការ​ធ្វើតេស្ត​រហ័ស​នេះ​ដើម្បី​កំនត់​ចំណាត់ថ្នាក់​អ្នកជំងឺ Triage មុន​ពេល​ចូល​មន្ទីរពេទ្យ ជៀស​វា​ការ​ឆ្លង​ដោយ​មិនដឹង​ខ្លួន​ទៅ​បុគ្គលិក​សុខាភិបាល ឬ​អ្នកជំងឺ​ផ្សេង​ទៀត​។

​ទោះបីជា​ការ​ធ្វើតេស្ត​នេះ លឿន​រហ័ស​និង​ងាយស្រួល​ប្រើ​ក៏​ដោយ គុណ​វិ​បត្ត ពោល​គឺ លទ្ធផល​អវិជ្ជមាន​មិន​ពិត​ដែល​អាច​នាំ​ឱ្យ​មានការ​រីក​រាលដាល​នៃ​វីរុស​ដោយ​មិន​បានដឹង​ខ្លួន​។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រហ័ស ត្រូវ​បាន​បង្គ្រប់​ដោយ​ការ​ធ្វើតេស្ត PCR បន្ថែម​ម្តងទៀត ជា​ពិសេស សម្រាប់​លទ្ធផល​អវិជ្ជមាន ដើម្បី​ជៀសវាង​លទ្ធផល​អវិជ្ជមាន​មិន​ពិត (False Negative)​។

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ប្រទេស​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ការ​ធ្វើតេស្ត​រហ័ស Covid Rapid Test (​ការ​ធ្វើតេស្ត​មេរោគ​ដោយ Antigen វីរុស​) ត្រូវ​បាន​អនុញ្ញាតិ​អោយ​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យ​ឯកជន​និង​ពហុ​ព្យាបាល​ក្រោម​បទបញ្ជា​និង​គោលការណ៍​ណែនាំ​ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល​ហើយ​៕

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា