ក្លឹប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានការលេងរបស់ខ្សែបម្រើស្លាបរបស់ Leeds United កីឡាករ Raphina ហើយអាចចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករប្រេស៊ីលរូបនេះ។
យោងតាមសារព័ត៌មាន Daily Mirror កីឡាករ Raphina បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើន ដោយសារការលេងរបស់គាត់នៅ Leeds United ។ Real Madrid អាចនឹងចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើតារាឆ្នើមរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបមួយចំនួននៅ Premier League សម្រាប់ការចុះហត្ថលេខារបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះ។
គួររំលឹកដែរថា កិច្ចសន្យារបស់កីឡាករវ័យ ២៥ ឆ្នាំជាមួយ Leeds នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៤ ដែលអាចនាំឱ្យក្លឹបពិចារណាលើការលក់របស់គាត់នៅរដូវក្តៅនេះ។ បើមិនដូច្នេះទេ ពួកគេប្រថុយនឹងបាត់បង់កីឡាករឆ្នើមម្នាក់របស់ពួកគេនៅឆ្នាំ ២០២៣ ខណៈដែលគាត់នឹងនៅសល់តែ ១២ ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់៕