បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃនឹងស្វែងរកប្រាក់កម្ចីចំនួន ៥០០ប៊ីលានបាត (១៤ប៊ីលានដុល្លារអាម៉េរិក) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកាបូបប្រាក់ឌីជីថលរបស់ខ្លួន។
លោក សេដ្ឋា បាននិយាយថា រូបិយប័ណ្ណឌីជីថលនឹងត្រូវផ្តល់ជូនជនជាតិថៃដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដែលរកចំណូលបានតិចជាង ៧០.០០០បាត (ប្រមាណជិត ២.០០០ដុល្លារអាម៉េរិក) ក្នុងមួយខែ និងមានប្រាក់បញ្ញើនៅធនាគារក្រោម ៥០០.០០០បាត។
លោកបាននិយាយបន្ថែមថា សេដ្ឋកិច្ចថៃត្រូវការការជំរុញដ៏សំខាន់មួយ ដោយសារផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើងត្រឹមតែ ១,៩% ក្នុងមួយឆ្នាំជាមធ្យមក្នុងទសវត្សរ៍កន្លងមកនេះ ដោយបំណុលគ្រួសារបានកើនឡើងពី ៧៦% ក្នុងឆ្នាំ២០២១ ដល់ ៩១,៦% នៅក្នុងឆ្នាំនេះ។
ទិន្នផលពីវិស័យផលិតកម្មក៏បានធ្លាក់ចុះដែរ ដែលមានន័យថា មានកម្មករតិចជាងមុន ដែលជាលទ្ធផលមនុស្សជាច្រើនត្រូវបានគេបញ្ឈប់ពីការងារ។
លោក សេដ្ឋា បាននិយាយបន្តថា ជាលទ្ធផល ពួកគេរកចំណូលបានតិច និងមានការទិញតិច ដែលជាហេតុធ្វើឱ្យរោងចក្រកាត់បន្ថយការផលិត។ ហើយវដ្តនោះកើតឡើងម្តងទៀតដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច។ អ្វីៗនឹងកាន់តែអាក្រក់ឡើងៗ លុះត្រាតែសេដ្ឋកិច្ចទទួលបានការជំរុញ។
យោងតាមលោកនាយករដ្ឋមន្រ្តីថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ៦០០ប៊ីលានបាតទៅក្នុងសេដ្ឋកិច្ច ដែលរួមមានទាំងថវិកាចំនួន ៥០០ប៊ីលានបាតតាមរយៈគម្រោងកាបូបប្រាក់ឌីជីថល ក៏ដូចជាមូលនិធិចំនួន ១០០ប៊ីលានបាត ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
គោលនយោបាយកាបូបប្រាក់ឌីជីថល មានគោលបំណងចាក់បញ្ចូលនូវលំហូរសាច់ប្រាក់ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីជំរុញការចំណាយក្នុងអំឡុងពេល ៦ខែបន្ទាប់ពីការបើកដំណើរការរបស់វា។ ការចែកចាយនឹងចាប់ផ្តើមនៅខែឧសភាខាងមុខនេះ។
កម្មវិធីកាបូបប្រាក់ឌីជីថលអាចប្រើប្រាស់បានសម្រាប់តែការទិញអាហារ និងទំនិញប្រើប្រាស់ប៉ុណ្ណោះ។ វាមិនអាចប្រើដើម្បីទិញទំនិញតាមអនឡាញ បារី ឬស្រា ប័ណ្ណសាច់ប្រាក់ និងវត្ថុមានតម្លៃដូចជាពេជ្រ ត្បូង ឬមាស ដើម្បីសងបំណុល បង់វិក្កយបត្រទឹក ឬអគ្គិសនី ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ ឬថ្លៃសិក្សានោះទេ។
ជាមួយគ្នានេះដែរ មូលនិធិថ្មីចំនួន ១០០ប៊ីលានបាតនឹងត្រូវប្រើប្រាស់ដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសក្នុងវិស័យនានា រួមទាំងបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍធនធានមនុស្សផងដែរ៕
ប្រភព៖ AKP