មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េសង្កត់ធ្ងន់ថា ខ្លួនចាំបាច់ត្រូវរក្សាកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន

0

បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា មេបញ្ជាការកំពូលនៃកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ (USFK) កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងពីតម្រូវការក្នុងការរក្សាកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ចំពេលមានការគំរាមកំហែងផ្នែកយោធាពីប្រទេសកូរ៉េខាងជើង។

យោងតាមអគ្គសេនាធិការចម្រុះ ​​(JCS) បានឱ្យដឹងថា លោក សាវយឺ ប្រុនសុន (Xavier Brunson) បានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកបានជួបជាមួយលោក គីម យ៉ុងស៊ូ (Kim Myung-soo) ប្រធាន JCS នៅការិយាល័យរបស់លោក គីម ក្នុងទីក្រុងសេអ៊ូល ដែលជាការកត់សម្គាល់ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ប្រុនសុន ចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែមុន។

JCS បាននិយាយនៅក្នុងការចេញផ្សាយមួយថា លោក ប្រុនសុន បាននិយាយថា ស្ថិរភាពក្នុងតំបន់ពឹងផ្អែកលើភាពជាដៃគូដែលកំពុងកើនឡើងរវាងប្រទេសទាំងបី ដោយលោកបានកត់សម្គាល់ថា វា «មានសារៈសំខាន់» ដើម្បីរក្សាសន្ទុះនៃសមយុទ្ធត្រីភាគី។ ប្រទេសទាំងបីនាពេលថ្មីៗនេះបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមរយៈសមយុទ្ធផ្សេងៗក្នុងការប្រឈមមុខនឹងការវិវត្តនៃការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង ដែលបានគូសបញ្ជាក់ដោយការបាញ់របស់ប្រទេសកូរ៉េខាងជើង នូវអ្វីដែលខ្លួនបានអះអាងថាជាមីស៊ីលលឿនជាងសំឡេងថ្មីកាលពីថ្ងៃចន្ទ។

ក្នុងអំឡុងពេលកិច្ចពិភាក្សា លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើងទំនងជានឹងអនុវត្តន៍ «ការបង្កហេតុជាយុទ្ធសាស្រ្ត» ដើម្បីកំណត់លក្ខខណ្ឌខាងក្រៅសម្រាប់ប្រទេសរបស់ខ្លួន ដោយអំពាវនាវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរដើម្បីរក្សាការត្រៀមខ្លួនរបស់ពួកគេ។

លោក ប្រុនសុន បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែធ្នូ ដែលបម្រើការជាមេបញ្ជាការនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងបញ្ជាការអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងបទឈប់បាញ់នៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣៕