បរទេស៖ ប្រធានាធិបតីហ្គាណា លោក ចន ដ្រាម៉ានី ម៉ាហាម៉ា (John Dramani Mahama) បានស្បថចូលកាន់តំណែងបន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែធ្នូ ឆ្នាំមុន។
ជនជាតិហ្គាណាជាច្រើនមកពីគ្រប់មជ្ឈដ្ឋាន រួមជាមួយនឹងអ្នកគាំទ្រគណបក្សបានប្រមូលផ្តុំគ្នានៅទីលាន Black Star ក្នុងទីក្រុង Accra ជារដ្ឋធានីរបស់ប្រទេស ដើម្បីធ្វើជាសាក្សីក្នុងពិធីដ៏ធំនេះ។
ពិធីនេះក៏មានការចូលរួមពីប្រមុខរដ្ឋអាហ្វ្រិក និងឥស្សរជនបរទេសដទៃទៀតផងដែរ។ លោក ម៉ាហាម៉ា បាននិយាយថា ពិធីសម្ពោធនេះ គឺជាជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហ្គាណា និងបង្ហាញពីឱកាសដ៏កម្រមួយក្នុងការកំណត់ប្រទេសឡើងវិញ។
លោក ម៉ាហាម៉ា បាននិយាយថា «យើងបានឆ្លងកាត់ការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅពេលដែលយើងបានផ្លាស់ប្តូរពីវិបត្តិមួយទៅវិបត្តិមួយទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែមានក្តីសង្ឃឹមនៅលើជើងមេឃ ហើយថ្ងៃនេះគឺជាការចាប់ផ្តើមនៃឱកាសថ្មីមួយដើម្បីកំណត់ឡើងវិញនូវអភិបាលកិច្ច និងយុទ្ធសាស្រ្តនៃសេដ្ឋកិច្ចរបស់យើង។ យើងរួមគ្នាអាចកំណត់ជាតិជាទីស្រឡាញ់របស់យើងឡើងវិញ»។
លោកបានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងដោះស្រាយភាពអត់ការងារធ្វើរបស់យុវជន ដោយជំរុញភាពជាដៃគូរឹងមាំជាមួយវិស័យឯកជន ដើម្បីបង្កើតការងារសមរម្យ និងទទួលបានប្រាក់ខែល្អ។ កើតនៅឆ្នាំ១៩៥៨ នៅតំបន់ Savannah នៃប្រទេសហ្គាណា លោក ម៉ាហាម៉ា ធ្លាប់ធ្វើជាប្រធានាធិបតីរបស់ប្រទេសហ្គាណាពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧៕