បរទេស៖ រដ្ឋាភិបាលថៃកំពុងបង្កើនវិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ជាពិសេសចំពោះព័ត៌មានមិនពិតដែលប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល។ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ កំពុងបង្កើតក្រុមការងារមួយដើម្បីស៊ើបអង្កេត និងប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការយល់ខុសរបស់សាធារណជន។
គណៈកម្មាធិការរបស់រដ្ឋាភិបាលស្តីពីការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានមិនពិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលជាប្រធានកិច្ចប្រជុំ ហើយស្ថាប័នពាក់ព័ន្ធត្រូវបានចាត់តាំងតួនាទីរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ចៃ វ៉ាចារ៉ុង បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល នឹងដើរតួនាទីជាភ្នាក់ងារទទួលខុសត្រូវចម្បងសម្រាប់បេសកកម្មនេះ ដោយមានក្រុមកាងារចំនួន២ ធ្វើការទៅលើការស្វែងរកព័ត៌មាន និងការរាយការណ៍មិនត្រឹមត្រូវ ក៏ដូចជាការទំនាក់ទំនងព័ត៌មានត្រឹមត្រូវ។
ការអនុវត្តច្បាប់ និងការកាត់ទោសពាក់ព័ន្ធនឹងករណីព័ត៌មានមិនពិត នឹងត្រូវដោះស្រាយដោយប៉ូលិសភូមិន្ទថៃ ដែលមានតួនាទីជាភ្នាក់ងារចម្បងក្នុងការទទួលយកពាក្យបណ្តឹងសាធារណៈ។ ប៉ូលិសជាតិថៃបច្ចុប្បន្ន កំពុងដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងការបោកប្រាស់តាមអនឡាញ (AOC) ដើម្បីផ្តល់ការណែនាំដល់សាធារណជនទូទៅទាក់ទងនឹងការបោកប្រាស់តាមអនឡាញ និងការគំរាមកំហែងសាយប័រ។
ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់អង្គភាពទាំងអស់ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយផ្តល់ព័ត៌មានត្រឹមត្រូវដល់ប្រជាពលរដ្ឋទូទៅឱ្យបានទាន់ពេលវេលា។
យុទ្ធសាស្ត្រ និងវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយព័ត៌មានមិនពិត នឹងត្រូវបានពិចារណា និងស្នើឡើងដោយអនុគណៈកម្មាធិការដឹកនាំដែលពាក់ព័ន្ធ ខណៈដែលប៉ូលិសជាតិ ក្រសួងឌីជីថល និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ ត្រូវបានណែនាំឱ្យធ្វើការងាររួមគ្នាដើម្បីធ្វើសមាហរណកម្មប្រព័ន្ធរបស់ពួកគេ៕
ប្រភព៖ AKP