ម៉ាឡេស៊ី​បង្កើត​មជ្ឈមណ្ឌល​សង្គ្រោះ​ទឹកជំនន់​ជាង ៨.០០០កន្លែង

0

បរទេស៖ មជ្ឈមណ្ឌលជំនួយសរុបចំនួន ៨.៤៨១កន្លែងដែលអាចផ្ទុកមនុស្សបានជាង ២,១លាននាក់ត្រូវបានបង្កើតឡើងដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ក្នុងរដូវខ្យល់មូសុងឦសាននៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមរដ្ឋមន្ត្រីនៃនាយកដ្ឋាននាយករដ្ឋមន្ត្រី លោក អាមីហ្សាន់ ម៉ូដ អាលី។

មន្ត្រីនោះបាននិយាយថា ក្នុងចំណោមមជ្ឈមណ្ឌលសង្គ្រោះសរុបនោះ មជ្ឈមណ្ឌលចំនួន ៣៣២កន្លែងដែលអាចផ្ទុកមនុស្សបាន ១២៩.០៩៦នាក់មានទីតាំងនៅក្នុងរដ្ឋសាបាហ៍។

ប្រទេសម៉ាឡេស៊ីចង់ចាត់វិធានការយ៉ាងសកម្មក្នុងការឆ្លើយតបគ្រោះមហន្តរាយជាតិដោយលោក អាមីហ្សាន់ បានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ ទីភ្នាក់ងារដែលមានការអនុញ្ញាតធ្វើការរៀបចំ រួមទាំងការបង្កើតមជ្ឈមណ្ឌលសង្គ្រោះដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះលទ្ធភាពអាក្រក់ដែលអាចកើតមាន។

លោក​បាននិយាយ​បន្ត​ថា ការ​សាងសង់​មជ្ឈមណ្ឌល​សង្គ្រោះ​​មាន​សម្ភារៈ​បរិក្ខារ​ល្អ​ប្រសើរ​បើ​ធៀប​នឹង​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្ដោះ​អាសន្ន ដោយមាន​គោល​បំណង​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្វែង​រក​ទី​ជម្រក​បណ្ដោះ​អាសន្ន។

នៅពេលដាក់ចេញនូវការប៉ាន់ប្រមាណថវិកាឆ្នាំ២០២៤ នៅក្នុងខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់មជ្ឈមណ្ឌលបែបនេះនៅក្នុងរដ្ឋចំនួន៩ ដែលរងផលប៉ះពាល់ជាញឹកញាប់ដោយគ្រោះទឹកជំនន់។

យោងតាមអគ្គនាយកនៃនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (METMMalaysia) លោក មូហាំម៉ាដ ហ៊ែលមី អាប់ឌុលឡា បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងពី ៤ ទៅ ៦វគ្គ ត្រូវបានព្យាករណ៍នៅក្នុងរដូវខ្យល់មូសុងឦសាន ដែលត្រូវបានរំពឹងទុកចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ខែមីនា ឆ្នាំ២០២៤៕

ប្រភព៖ AKP