ក្រុមហ៊ុនហ្វេសប៊ុក ប្ដឹងបុរសម្នាក់ទាក់ទង នឹងការលក់ Likes Instagram ក្លែងក្លាយ

0

ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយ របស់គេហទំព័រហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះបានឱ្យដឹងថា ក្រុមហ៊ុនបានប្ដឹងបុរសម្នាក់ ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ “fake engagement service” នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

សេវាកម្មដែលបុរសម្នាក់នេះ បានផ្ដល់នោះមានឈ្មោះថា Nakrutka ដែលបានប្រើកម្មវិធីដែលអាច ដំណើរការដោយស្វ័យប្រវត្តិ ក្នុងការបង្កើន likes, comments និង views នៅក្នុងបណ្ដាញសង្គម Instagram។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនហ្វេសប៊ុក បានប្ដឹងអ្នកអភិវឌ្ឍន៍កម្មវិធី ដែលបានប្រើប្រាស់កម្មវិធី របស់ក្រុមហ៊ុនដើម្បីទាញយកផលចំណេញ ដែលផ្ទុយពីលក្ខខណ្ឌ របស់ក្រុមហ៊ុននោះ។ កាលពីដើមឆ្នាំនេះក្រុមហ៊ុន បានប្ដឹងអ្នកអភិវឌ្ឍកម្មវិធី នៅក្នុងប្រទេសអេស្ប៉ាញ ជាមួយនឹងក្រុមហ៊ុនមួយទៀត នៅក្នុងប្រទេសនូវែលសេឡង់ កាលពីឆ្នាំកន្លងទៅ ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយនេះផងដែរ។

ទន្ទឹមនឹងការប្ដឹង Nakrutka ហ្វេសប៊ុកក៏បានប្ដឹង អ្នកអភិវឌ្ឍកម្មវិធី MobiBurn ម្នាក់ទៀតទាក់ទងនឹង ការចែកចាយកម្មវិធីដែល មានបង្កប់មកជាមួយមេរោគ ដើម្បីទាញយកទិន្នន័យឯកជន ភាពរបស់អ្នកប្រើប្រាស់មានដូចជា ឈ្មោះ អ៊ីមែល និងភេទ នៅពេលដែលអ្នកប្រើប្រាស់ បញ្ចូលកម្មវិធីនេះបន្ទាប់ពីកម្មវិធីនេះ ត្រូវបានរាយការណ៍ដោយអ្នកស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនហ្វេសប៊ុក។

ការរឹតបន្តឹងរបស់ក្រុមហ៊ុនហ្វេសប៊ុកនេះ គឺដើម្បីបញ្ជាក់ពីការខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការការពារ ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលជារឿយៗបានរងការ ចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់ និង អ្នកស្រាវជ្រាវបច្ចេកវិទ្យា ជាពិសេសពីបណ្ដាប្រទេសជុំវិញពិភពលោក ថាតែងតែបានរំលោភក្នុងការ ប្រើប្រាស់ទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់នោះ ៕