ប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)

0

ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) និងធ្វើការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។ នេះបើយោងតាមប្រភពព័ត៌មានពីទូរទស្សន៍​មហាផ្ទៃ​។

ប្រភពដដែល បានបន្តថា វិធីសាស្ត្រជ្រៀតចូល និងឆបោក៖

១- ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ)

២- ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ

៣- ធ្វើការទូរស័ព្ទមកកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត

៤- អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ “Developer Mode” បើកជម្រើស “Wireless Debugging” និងធ្វើការភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន “Paring Device”

៥- ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គល ដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា តាមវិធីសាស្រ្តដូចខាងក្រោម ៖

-ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វើតាមការណែនាំផ្សេងៗ

– ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ ល។)

– ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។

ជាមួយគ្នានោះ អគ្គនាយកដ្ឋានខាងលើ បានណែនាំដល់ប្រជាពលរដ្ឋធ្វើរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញ ករណីជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យាខាងលើ៕