ភ្នំពេញ៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ប្ដេជ្ញារួមគ្នាបើកចំហទីផ្សារ ទំនិញ សេវាកម្ម និងវិនិយោគក៏ដូចជាការពង្រឹង កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំរួមគ្នារវាងប្រទេសនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបានលទ្ធផលដូចខាងក្រោម៖
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈ និងការឆ្លើយតបលើកូវីដ-១៩ នៅក្នុងតំបន់។
ក្នុងនោះ កិច្ចប្រជុំបានពិភាក្សាលើការអភិវឌ្ឍ លើផែនការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ និងការអនុវត្តផែនការសកម្មភាព ទីក្រុងហាណូយស្តីពី ការពង្រឹងកិច្ចសហប្រតិបត្ដិការ សេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រឹងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ ដើម្បីធ្វើឲ្យបណ្តាញផ្គត់ផ្គង់នេះ កាន់តែមានភាពរឹងមាំ និងមិនឲ្យងាយរងផលប៉ះពាល់ នាពេលអនាគត។
កិច្ចប្រជុំក៏បានអនុម័តផែនការសកម្មភាព CLMV ២០២១-២០២២ ដែលនឹងផ្តោតសំខាន់លើវិស័យចំនួន៥ គឺកិច្ចសហប្រតិបត្តិ្កការ ពាណិជ្ជកម្មនិងវិនិយោគ ការអនុវត្តការប្តេជ្ញាចិត្តក្នុងតំបន់ ក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ CLMV ធនធានមនុស្ស និងផែនការស្តារឡើងវិញក្រោយ ជំងឺកូវីដ-១៩។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥២ បានពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តសមិទ្ធិផលសេដ្ឋកិច្ច របស់វៀតណាមឆ្នាំ២០២០ និងបានលើកទឹកចិត្តដល់ អង្គភាពពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគ្នាក្នុងគោលដៅសម្រេច ឱ្យបាននូវសមិទ្ធិផលទាំងអស់ក្នុងឆ្នាំនេះ។
កិច្ចប្រជុំក៏បានពិភាក្សាលើស្ថានភាព វិវត្តន៍ក្នុងតំបន់និងសកលជាពិសេស ផលប៉ះពាល់សេដ្ឋកិច្ចបណ្តាល មកពីកូវីដ-១៩ ដោយផ្តោតសំខាន់លើ ការរក្សាការបើកទីផ្សារ ការលុបបំបាត់របាំងពាណិជ្ជកម្ម ការរក្សាការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តផែនការសកម្មភាព ទីក្រុងហាណូយស្តីពី ការពង្រឹងកិច្ចសហប្រតិបត្ដិការ សេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងការរីករាលដាល នៃកូវីដ-១៩។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្ត ឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធ លើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្ត របស់វិស័យធុរកិច្ច និងអតិថិជន។
លោករដ្ឋមន្រ្តី ក៏ជម្រាបជូនអង្គប្រជុំពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា និងវិធានការដ៏មានប្រសិទ្ធភាព និងមុតស្រួចដែលដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាពុំមាន អ្នកស្លាប់ដោយសារកូវីដ-១៩។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប)
ដើម្បីពិនិត្យវឌ្ឍនភាពនៃការចរចា និងដោះស្រាយបញ្ហាសេសសល់ សម្រាប់ការរៀបចំការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាសិប នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ ឆ្នាំ២០១៩។
ក្នុងកាលៈទេសៈដ៏លំបាក ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩នេះ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ លើការបើកចំហទីផ្សារ ទំនិញ សេវាកម្ម និងវិនិយោគ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំរួមគ្នារវាងប្រទេសនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
រដ្ឋមន្រ្តីទាំងអស់ បានស្វាគមន៍និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃការចរចាបើកទីផ្សារ ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ និងបានបញ្ជាក់ជាថ្មីអំពី ការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំនេះ ដែលវាមានសារៈសំខាន់ខ្លាំង ក្នុងការផ្តល់សញ្ញាទៅកាន់ពិភពលោក អំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ជាពិសេស សម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ៕