ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកគ្រប់គ្រងគេហទំព័រ Freepik បានជូនដំណឹងដល់អ្នកប្រើប្រាស់ ពីការជ្រៀតចូលរបស់ជនអនាមិក ដែលបានលួចយកអ៊ីមែល ឬលេខសម្ងាត់ដែលបានអ៊ិនគ្រីប (Hashed Password) របស់អ្នកប្រើប្រាស់ប្រមាណជា ៨.៣លាននាក់។
សម្រាប់លោកអ្នកដែលមិនធ្លាប់ បានប្រើប្រាស់គេហទំព័រ Freepik វាជាកម្មវិធីដ៏ពេញនិយមមួយ ដែលអាចឱ្យលោកអ្នកទាញយករូបភាព ឬក្រាហ្វិចឌីហ្សាញស្អាតៗ ដែលមានគុណភាពច្បាស់ដើម្បី ឱ្យលោកអ្នកបង្កើតរូបភាពផ្ទាល់ខ្លួនបាន។
ទាក់ទងនឹងការជ្រៀតចូលនេះ ក្រុមហ៊ុនបានប្រាប់ថា ជនអនាមិកបានធ្វើការ វាយប្រហារតាមរយៈ SQL injection ដោយបញ្ចូលកូដដែល មានមេរោគតាមរយៈនៃ ភាពចន្លោះប្រហោងរបស់គេហទំព័រនេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពី ពេលវេលាដែលត្រូវរងការវាយប្រហារ ឬពេលវេលាដែលក្រុមហ៊ុន បានរកឃើញពីបញ្ហានេះទេ។
ក្នុងចំណោមអ្នកប្រើប្រាស់ប្រមាណ ៨.៣លាននាក់ មាន ៤.៥លាននាក់ បានប្រើគណនីពីក្រុមហ៊ុនផ្សេងៗទៀត ដូចជា Google, Facebook ឬ Twitter ដើម្បី login ដូច្នេះមានតែអ៊ីមែលរបស់ពួកគេប៉ុណ្ណោះ ដែលត្រូវបានលួចយក ចំណែកឯលេខសម្ងាត់វិញ ពុំត្រូវបានលួចយកនោះទេ។
ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកប្រើគេហទំព័រនេះ ហើយពុំបានប្រើគណនីពី ក្រុមហ៊ុនផ្សេងៗទៀតដូចជា Google, Facebook ឬ Twitter ដើម្បី login នោះ។ ជាងនេះទៅទៀតប្រសិនបើលោកអ្នក បានប្រើលេខសម្ងាត់នេះ ជាមួយគេហទំព័រផ្សេងទៀតនោះ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរ លេខសម្ងាត់នៅក្នុងគេហទំព័រ ទាំងនោះផងដែរ ៕