ភ្នំពេញ៖ ស្ត្រីម្នាក់ដាក់ពាក្យ ប្តឹងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកអន្តរជាតិអូរស្មាច់មួយរូប ពីបទជំរិតទារប្រាក់ ៤០០បាតជាថ្នូរនឹង ការអនុញ្ញាតឱ្យយកសត្វមាន់ ២ក្បាលមកចិញ្ចឹម ខណៈស្រ្តីរូបនេះទិញមាន់ ២ក្បាលពីប្រទេសថៃ យកមកចិញ្ចឹមជាលក្ខណៈគ្រួសារ នៅស្រុកខ្មែរតែត្រូវបាន ប៉ូលិសទារលុយបើមិនឱ្យលុយ គឺមិនឱ្យមាន់ ២ក្បាលនេះ យកទៅចិញ្ចឹមឡើយ។
ស្ត្រីដើមបណ្ដឹងមានឈ្មោះ ឈុំ សំណាង អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ បានរៀបរាប់តាមរយៈ ពាក្យបណ្ដឹងឲ្យដឹងថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រូបគាត់បានឱ្យអ្នកស្គាល់គ្នា ដែលបើករថយន្តដឹកទឹកកក ចេញពីប្រទេសថៃជួយទិញ មាន់ឱ្យគាត់បាន ២ក្បាល ដើម្បីយកមកចិញ្ចឹមនៅផ្ទះ ព្រោះសម័យកូវីដ-១៩ មិនដឹងមានរបរអ្វីធំដុំធ្វើទេ ដូច្នេះគាត់រករបរចិញ្ចឹមសត្វ នៅផ្ទះនេះវាស្រួលជាង។
ស្ត្រីដដែលបានបន្តថា ពេលមកដល់មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ នាវេលាម៉ោង ៩ព្រឹកថ្ងៃដដែល ស្រាប់តែលោកអនុសេនីយ៍ឯក សៀន វណ្ណា មិនអនុញ្ញាតឱ្យនាំសត្វមាន់ ២ក្បាលនោះចូលទេ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនគរបាលរូបនោះថែមទាំង ទារប្រាក់ចំនួន ៤០០បាតជាថ្នូរនឹង ការមិនដកហូតយកមាន់ ទាំងពីរក្បាលនេះទុក។ ដោយសារការអង្វរមិនព្រម អ្នកដែលគាត់ផ្ញើឱ្យទិញមាន់នោះ ក៏បង់ប្រាក់ឱ្យមន្ត្រីនគរបាលរូបនោះចំនួន ៤០០បាត តាមការទាមទារ។
ដោយសារទង្វើរបស់ មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិអូរស្មាច់បែបនេះ ស្ត្រីដដែលក៏បានសម្រេចចិត្ត ដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៅថ្ងៃនេះ ដោយមិនខ្លាចនោះទេ។ គាត់ថា នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិអូរស្មាច់ តែងតែធ្វើបាបប្រជាពលរដ្ឋ ទន់ខ្សោយជាញឹកញាប់ ពេលខ្លះមានការឈ្លោះប្រកែកជេរគ្នា រឿងយកលុយពីពលរដ្ឋទៅទិញម្ហូបពីថៃ ដឹកតាមម៉ូតូក៏មានដែរ ៕