បិទយានដ្ឋានកែច្នៃរ និងជួសជុលរថយន្ត ខុសច្បាប់ ជាង៤០ទីតាំង នៅខណ្ឌសែនសុខ មិនឱ្យធ្វើអាជីវកម្មទៀត (Video)

0

ភ្នំពេញ៖ យានដ្ឋានកែច្នៃរ និងជួសជុលថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុប ចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការណ៍ជាមួយ រដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។

យោងតាមការចុះផ្សាយរបស់ ទទក បានឱ្យដឹងថា ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

តាមការអោយដឹងពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា យោងតាមអនុសាសន៍ ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មាន ច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្ត រាជធានី ភ្នំពេញ-ខេត្តរបស់ខ្លួនអោយបានទាំងស្រុង ។ ដោយយោងទៅតាមការណែនាំនេះ និងស្របតាម អនុសានស៍ ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការចុះបិទ អាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតអោយអស់ទាំងស្រុង ក្នុងនោះយានដ្ឋាន ស្ថិតក្នុង ខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំង គ្មានច្បាប់អនុញ្ញាត ។

សូមបញ្ជាក់ថា យានដ្ឋានជួសជុលថយន្ត ក្នុងរាជធានីភ្នំពេញ សរុបមានចំនួន ៩៧១ គ្មានច្បាប់អនុញ្ញាតចំនួន៣៩០ ទីតាំងយានដ្ឋានកែច្នៃរថយន្តចំនួន២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន២២ទីតាំង ក្នុងនោះយានដ្ឋាន ស្ថិតក្នុងខណ្ឌសែនសុខមាន ១១០ ទីតាំង និងគ្មានច្បាប់អនុញ្ញាតជាង៤០ទីតាំង ៕