ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ភាពចន្លោះប្រហោង នៃផ្នែកសុវត្ថិភាពរបស់ Google Drive ដែលអាចឱ្យជនអនាមិក ចែកចាយឯកសារដែលមានមេរោគ តែគេអាចបន្លំជាឯកសារ ឬរូបភាពដែលមានភាពត្រឹមត្រូវ។
ការវាយប្រហារនេះធ្វើឡើង តាមរយៈមុខងារ Manage Versions ដែលអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូល (upload) ឯកសារ ដែលមានប្រភេទ extension ផ្សេងៗគ្នាដូចជា .docx .xlsx .jpg .png ជាដើមហើយអ្នកប្រើប្រាស់ក៏អាច ធ្វើបច្ចុប្បន្នភាពចំពោះឯកសារទាំងនោះ ដោយដាក់បញ្ចូលឯកសារថ្មី។
ប៉ុន្តែអ្វីដែលជាភាពចន្លោះប្រហោងនោះ គឺមុខងារនេះអាចឱ្យអ្នកប្រើប្រាស់ បញ្ចូលឯកសារថ្មីដែលជា ប្រភេទខុសពីឯកសារដើម មិនត្រឹមតែប៉ុណ្ណោះ វាក៏មិនធ្វើការរាំងខ្ទប់ឯកសារ ដែលមានមេរោគនោះផង។ ម្យ៉ាងវិញទៀតនៅពេលដែល លោកអ្នកប្រើកម្មវិធី Google Chrome ដើម្បីទាញយកឯកសារទាំងនោះ Chrome នឹងធ្វើការទាញយកឯកសារនោះជាធម្មតា ដោយសារឯកសារនោះ គឺជាឯកសារមកពី Google Drive ទោះជាកម្មវិធីកម្ចាត់មេរោគ ផ្សេងទៀតបានរកឃើញថាមាន Malware នៅក្នុងឯកសារនោះក៏ដោយ។
បញ្ហានេះមិនមែនជា បញ្ហាថ្មីសន្លាងនោះទេ ហើយក្រុមហ៊ុន Google ក៏បានដឹងអំពីបញ្ហានេះផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានធ្វើការ កែតម្រូវចំពោះភាពចន្លោះ ប្រហោងនេះនៅឡើយទេ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តប្រើ Google Drive ដើម្បីទាញយកឯកសារនោះ សូមមានការប្រុងប្រយ័ត្ន ពិនិត្យមើលប្រភេទឯកសារ ឱ្យបានត្រឹមត្រូវមុននឹងធ្វើការទាញយក ដើម្បីចៀសវាងទាញយក ឯកសារដែលមានមេរោគ Malware នោះ ៕