ក្រុមហ៊ុន Apple រងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃចន្ទ អ្នកឃ្លាំមើលរបស់ សហពន្ធន៍ប្រឆាំងអាជីវកម្មផ្តាច់មុខ (FAS) ប្រទេសរុស្ស៊ីបាននិយាយថា ក្រុមហ៊ុន Apple បានរំលោភបំពានក្នុងការគ្រប់គ្រង ទីផ្សារកម្មវិធីទូរសព្ទតាមរយៈ App Store របស់ខ្លួន សម្រាប់ឧបករណ៍ iOS ហើយនឹងចេញបទបញ្ជា ទាមទារឱ្យក្រុមហ៊ុនដោះស្រាយ ចំពោះការរំលោភបំពាន លើបទប្បញ្ញត្តិទាំងនោះ។

ការស៊ើបអង្កេតរបស់ FAS បានធ្វើឡើងតាមបណ្តឹងពី ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky Lab ដែលថា កំណែថ្មីរបស់កម្មវិធី Safe Kids ត្រូវបានបដិសេធដោយក្រុមហ៊ុន Apple ដោយសារតែ Apple បានដាក់ចេញនូវកម្មវិធីតាមដានរបស់ខ្លួន ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 12 ដែលវាមានមុខងារស្រដៀងទៅនឹងកម្មវិធី Safe Kids របស់ Kaspersky ដែរ។ Safe Kids គឺជាកម្មវិធីតាមដានដោយឪពុកម្តាយ ដែលអនុញ្ញាតឱ្យពួកគាត់អាច គ្រប់គ្រងលើការប្រើប្រាស់ទូរសព្ទ និងថេប្លេតរបស់កូនៗរបស់ពួកគាត់បាន។

ក្នុងការឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Apple បានចេញមកបដិសេដថា ខ្លួនបានលុបកម្មវិធីប្រភេទនេះ ជាច្រើនចេញពី App Store មិនគ្រាន់តែកម្មវិធីរបស់ក្រុមហ៊ុន Kaspersky របស់នោះទេ ដោយគេគិតថា កម្មវិធីទាំងនេះអាចជាបញ្ហាចំពោះ ឯកជនភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ លើសពីនេះទៅទៀត អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនក៏គ្រោងប្តឹងជុំទាស់ នឹងសេចក្តីសម្រេចរបស់ FAS នេះដែរ។

គួររំឭកដែរថា ក្រុមហ៊ុន Apple កំពុងតែប្រឈមទាក់ទងនឹង ការគ្រប់គ្រងកម្មវិធីនៅក្នុង App Store ជាពិសេសទាក់ទងនឹង ការកាត់យកភាគរយចំនួន 30% ពីអ្នកអភិវឌ្ឍកម្មវិធីទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ៕