Home សង្គម សាលាក្រុង រកឃើញថាថ្មីៗនេះ មានជនខិលខូច បន្លំខ្លួនជាមន្ត្រីឆបោក លុយបង់ថ្លៃសំរាម (Video)

សាលាក្រុង រកឃើញថាថ្មីៗនេះ មានជនខិលខូច បន្លំខ្លួនជាមន្ត្រីឆបោក លុយបង់ថ្លៃសំរាម (Video)

0

facebook.com/obnsocial/videos/308040303773036

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រាល់ការបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ ជាសាច់ប្រាក់នោះទេខណៈក្នុងពេលថ្មីៗនេះ មានករណីជនខិលខូចមួយក្រុមតូច បានឆ្លៀតឱកាសក្លែងបន្លំខ្លួន ជាមន្ត្រីធ្វើការឆបោក អតិថិជន ឲ្យធ្វើការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយចេញជាមូលប្បទានបត្រ (Cheque) ឬទូទាត់ជាសាច់ប្រាក់ ដោយផ្ទាល់ជាមួយពួកគេ។

បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះបានឲ្យដឹងថា«រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រាល់ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ ជាសាច់ប្រាក់នោះទេ ហើយចំពោះការចេញជាមូលប្បទានបត្រ (Cheque) ត្រូវសរសេរទៅឈ្មោះ «រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ» ឬជាភាសាអង់គ្លេស «Phnom PerhSold Waste Managerment Authorty» ដោយផ្ទាល់»។

ក្នុងករណីដែល បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជួបប្រទះនូវបញ្ហាការឆបោកដូចបានរៀបរាប់ជូន៍ខាងលើ សូមកុំធ្វើតាមការឆបោកនោះ ហើយសូមរាយការណ៍តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៨៧ ២៥៨ ៨៣៥ ឬរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដែល ស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់ ដើម្បីធ្វើការចាប់ខ្លួន ក្រុមជនខិលខូចទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។

សាលារាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ ការប្រមូលចំណូលថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង មិនត្រូវបានដាក់នៅក្នុងវិក្កយបត្រអគ្គិសនីទៀតទេ គឺតម្រូវឲ្យ អតិថិជនត្រូវបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង តាមមធ្យោបាយប្រព័ន្ធ ទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬ បញ្ជរទូទាត់នៅធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ ផ្សេងៗទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay, និង Dara Pay៕

 

Previous articleក្រុមហ៊ុន Apple រងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព
Next articleរដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមក បំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា