ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានឲ្យដឹងថា អ្នកប្រើប្រាស់ទូរសព្ទទំនើបៗ តែងតែមានការដេញតាមស៊េរី រាល់ពេលដែលក្រុមហ៊ុន បានបញ្ចេញម៉ូដែល ទូរសព្ទថ្មីៗរបស់គេ ហើយពួកគេផ្ដោត តែទៅលើការរចនា រូបរាងនិងតម្លៃ តែប៉ុណ្ណោះ ដោយភាគច្រើន មិនសូវជាចាប់អារម្មណ៍ ទៅលើអ្វីដែលមាននៅខាងក្នុង របស់វាឡើយ ដែលនេះជាហេតុធ្វើ ឱ្យពួកគេងាយរងគ្រោះ។ ទោះយ៉ាងណា អ្នកស្រាវជ្រាវបានរកឃើញថាបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ដែលត្រូវបានគេប្រើយ៉ាង ទូលំទូលាយ នៅក្នុងទូរសព្ទ Android នោះមានភាពចន្លោះប្រហោងនៅក្នុងការសរសេរកូដ ជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់ទូរសព្ទ Android រាប់លាននាក់ អាចប្រឈម នឹងហានិភ័យ។
បើតាមក្រុមអ្នកស្រាវជ្រាវ មកពីក្រុមហ៊ុន Check Point ដែលជាក្រុមហ៊ុន សន្តិសុខអ៊ីនធឺណិត បានឱ្យដឹងថា ការវាយប្រហារនេះគឺជនខិលខូច អាចបញ្ចុះបញ្ចូល អ្នកប្រើប្រាស់ឱ្យដំឡើង កម្មវិធីដូចធម្មតា ដោយមិនមាន បញ្ហាអ្វីនោះទេ។ បន្ទាប់មកក្រោយពីដំឡើង ចប់សព្វគ្រប់ហើយ ពួកគេក៏កែប្រែប្រព័ន្ធ ដំណើរការ នៅក្នុងទូរសព្ទ អ្នកប្រើប្រាស់ ដែលធ្វើឱ្យទូរសព្ទនោះក្លាយជា ឧបករណ៍សម្រាប់ លបយកការណ៍ទៅវិញ។ ពួកគេអាចចូលទៅមើល រូបថត វីដេអូ ប្រព័ន្ធ GPS និងទិន្នន័យទីតាំងជាដើម ហើយថែមទាំង អាចធ្វើការថតសំឡេង នៅពេលដែល លោកអ្នកនិយាយទូរសព្ទ និងបើកម៉ៃក្រូហ្វូន ទូរសព្ទ ដោយមិនឱ្យម្ចាស់ដឹងទៀតផង។ ជាចុងក្រោយពួកអ្នក វាប្រហារ ក៏អាចលួចបង្កប់ មេរោគនៅក្នុងទូរសព្ទ ដោយមិនឱ្យអ្នកប្រើប្រាស់ដឹង ឬបិទទិន្នន័យទាំងអស់ នៅក្នុងទូរសព្ទ មិនឱ្យអ្នកប្រើប្រាស់ ចូលប្រើបាន។
ទោះបីក្រុមហ៊ុន Qualcomm បានធ្វើការកែសម្រួល ភាពចន្លោះប្រហោងភាគច្រើនហើយនោះក្ដី ក៏មិនមានន័យថាទូរសព្ទរបស់លោកអ្នក ទទួលបានការធ្វើបច្ចុប្បន្នភាពនោះទេ ព្រោះវាអាស្រ័យ ទៅលើក្រុមហ៊ុន ទូរសព្ទរបស់លោកអ្នក ក្នុងការបញ្ជូន បច្ចុប្បន្នភាពទាំងនោះទៅឱ្យលោកអ្នក ហេតុដូច្នេះលោកអ្នកគួរតែចៀសវាង ទាញយកកម្មវិធីណា ដែលលោកអ្នកមិនត្រូវការ ជាពិសេសចំពោះ កម្មវិធី ដែលមិនមាននៅក្នុង Play Store៕