ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា កាលពីសប្តាហ៍មុន នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានធ្វើការ ផ្សព្វផ្សាយព័ត៌មានបច្ចេកវិទ្យា ដែលទាក់ទង ទៅនឹងប្រទេសឥណ្ឌា បានប្រកាសបិទកម្មវិធី ទូរស័ព្ទប្រមាណជា ៥៩កម្មវិធី ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ពេញនិយមមួយផងដែរ ។
កន្លងមកយើងសង្កេតឃើញថា ប្រជាជនកម្ពុជាមួយចំនួន មានការមិនពេញចិត្ត និងបានរិះគន់ទៅលើកម្មវិធីនេះ ដោយសារតែមានក្មេងៗប្រើច្រើនដែលធ្វើឱ្យខាតបង់ពេលវេលា ក៏ដូចជាប្រាក់កាស ព្រមទាំងទាក់ទងទៅនឹង សីលធម៌របស់ពួកគេ។ មិនខុសគ្នាពីប្រជាជនឥណ្ឌាខ្លះ ក៏មានការមិនពេញចិត្ត ចំពោះកម្មវិធីនេះដែរ តែក៏មានមួយចំនួនទៀត ក៏ចូលចិត្ត និងបានប្រើប្រាស់កម្មវិធីនេះ ដើម្បីជាគ្រឿងកំសាន្ត ឬធ្វើជាប្រយោជន៍ ក្នុងការរកលុយផងដែរ។
ដោយសារតែឃើញថា ប្រជាជនឥណ្ឌាជាច្រើន នៅតែចូលចិត្តនិងចង់ប្រើកម្មវិធីនេះ ជាហេតុនាំឱ្យក្រុមជនអនាមិក បានឆ្លៀតឱកាសបង្កើត កម្មវិធីដែលមានមេរោគ Malware ប៉ុន្តែបន្លំថាជាកម្មវិធី TikTok Pro ដើម្បីឱ្យប្រជាជនឥណ្ឌា ទាញយកមកប្រើប្រាស់តាមរយៈ តំណភ្ជាប់ដែលពួកគេ បានផ្សព្វផ្សាយនៅលើ Twitter និង WhatsApp។ ក្រោយពីបានទាញយក នឹងដំឡើងកម្មវិធីនេះរួចរាល់ហើយ កម្មវិធីនេះនឹងធ្វើការស្នើ ចូលក្នុងប្រព័ន្ធទូរស័ព្ទ ដើម្បីអាចទាញយកទិន្នន័យជាច្រើនដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើមនៅពេលដែលអ្នកប្រើប្រាស់ព្យាយាមបើកកម្មវិធីនេះ ប៉ុន្តែវាមិនបានដំណើរការអ្វីនោះទេ។
ទោះបីជាកម្មវិធីនេះ មិនមានដំណើរការក៏ដោយ ក៏វាយឺតពេលទៅហើយ ព្រោះមេរោគ malware ត្រូវបានដំឡើងចូលក្នុងទូរសព្ទ ដែលអាចលួចទាញយកទិន្នន័យ និងបង្ហាញសារដដែលៗ ដើម្បីឱ្យដំឡើងកម្មវិធីផ្សេងៗ ទៀតតែប៉ុណ្ណោះ។
នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំអ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះយើងមិនអាចបញ្ជាក់ បានថា តើកម្មវិធីទាំងនោះជាកម្មវិធី ពិតប្រាកដ និងមិនមានបង្កប់ មកជាមួយមេរោគ malware បានទេ៕