ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី ៨ កក្កដា ២០២០ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ មានចំនួន ១៤១នាក់ដដែល ចំនួនសំរាកនៅពេទ្យនៅសល់ ១០នាក់ ចំនួនជាសះស្បើយសរុប ចំនួន ១៣១នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុង បន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបន្ថែមថា យើងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញ ករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន 41733 ស្មើនឹង 2514 ក្នុង១លាននាក់ ៕