ជនខិលខូច ដែលថតសំឡេង គេទុកយកទៅប្រព្រឹត្ត បទល្មើស ធ្វើអីលែងបានទៀតហើយ

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា ដោយសារមានការវិវឌ្ឍន៍ នៃបច្ចេកវិទ្យា ក្នុងការប្រើសំឡេង ដើម្បីបញ្ជាឧបករណ៍ផ្សេងៗនោះ វាក៏នាំឱ្យមានការយកសំឡេង ដែលបានថតទុករួចហើយ មកប្រើដើម្បីប្រព្រឹត្ត បទល្មើសដូចជា ការជ្រៀតចូលគណនី ឬឧបករណ៍ណាមួយ និងការក្លែងបន្លំ ដើម្បីបោកយកប្រាក់កាស ជាដើម ដែលធ្វើឱ្យមានភាព កាន់តែងាយស្រួល។ ដូច្នេះហើយទើប អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហ៍កម្ម (CSIRO) រួមជាមួយក្រុមហ៊ុនសាំស៊ុង និងសាកលវិទ្យាល័យ Sungkyunkwan របស់ប្រទេសកូរ៉េខាងត្បូង បានរួមគ្នាបង្កើតដំណោះស្រាយ ដើម្បីការពារអ្នកប្រើប្រាស់ ពីការវាយប្រហារ ដោយសំឡេងនេះ។

ក្រុមអ្នកស្រាវជ្រាវ បានកំពុងបង្កើតកម្មវិធី ដែលគេឱ្យឈ្មោះថា Voice liveness detection (Void) ដែលអាចបង្កប់ (Embedded) នៅក្នុងស្មាតហ្វូន ឬកម្មវិធីជំនួយសំឡេងបាន។​ កម្មវិធីនេះអាចចាប់ យកសម្លេងដែលកំពុង និយាយភ្លាមៗ ដើម្បីបញ្ជាក់ពីភាពខុសគ្នា រវាងសំឡេងមនុស្សកំពុងនិយាយ និងសំឡេងដែលបាន ចាក់ផ្សាយឡើងវិញតាមរយៈ Speaker ដើម្បីឱ្យអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្ន។

បច្ចេកទេសក្នុងការផ្ទៀងផ្ទាត់ សំឡេងនេះ ត្រូវបានសាកល្បង ដោយប្រើទិន្នន័យដែលបាន កំណត់អត្តសញ្ញាណ ពីក្រុមហ៊ុនសាំស៊ុង និងការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្ត ព្រមជាមួយឧបករណ៍ឆ្លើយតប ដែល Data61 ទទួលបានកម្រិត នៃភាពត្រឹមត្រូវរហូតដល់ទៅ ៩៩% និង ៩៤% សម្រាប់ទិន្នន័យនីមួយៗ ជាងនេះទៅទៀតកម្មវិធីនេះ អាចរកឃើញការ វាយប្រហារ បានលឿនជាង ៨ដង បើធៀបទៅនឹងវិធីសាស្ត្រ Deep Learning ដែលអ្នកស្រាវជ្រាវ បានប្រើកន្លងមក៕