ឆ្នាំក្រោយលែង បានឃើញ Adobe Flash Player ទៀតហើយ

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា Flash Player គឺជាកម្មវិធីមួយក្នុងចំណោម កម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Adobe ដែលជាកម្មវិធីអាចឱ្យវីដេអូ នៅលើ Internet Browser ដំណើរការបាន និងមានការពេញនិយម យ៉ាងខ្លាំង កាលពីជាងមួយទសវត្សរ៍មុន។ ពេលវេលាចេះតែដើរទៅមុខ ស្របពេលជាមួយ បច្ចេកវិទ្យាក៏ចេះតែវិវឌ្ឍន៍ ទៅកាន់តែល្អប្រសើរឡើង ក្នុងការបង្កើតកម្មវិធីថ្មីៗ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល។ ដូចគ្នានេះដែរ ការដាក់ចេញឱ្យប្រើប្រាស់ HTML5 កាលពីឆ្នាំ ២០០៨ ដែលមានបន្ថែមមុខងារ របស់ Adobe Flash ដោយមិនចាំបាច់បញ្ចូល កម្មវិធីបន្ថែមនោះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុន Apple ចាប់ផ្ដើមឈប់ប្រើប្រាស់ Adobe Flash ហើយងាកមកប្រើមុខងារនេះជាមួយ HTML5 វិញ។

ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យ អ្នកប្រើប្រាស់លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័ររបស់ពួកគេ នៅដំណាច់ឆ្នាំនេះ ស្របពេលដែលកម្មវិធីនេះ ត្រូវបានគ្រោងនឹងឈានដល់ ទីបញ្ចប់នៃជីវិត (End-Of-Life) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះដែរ។ តាមពិតទៅ កម្មវិធី Flash Player ត្រូវបានប្រកាសឱ្យឈប់ប្រើប្រាស់តាំងពីអំឡុងឆ្នាំ២០១៧ មកម្លេះ រួមជានឹងក្រុមហ៊ុនផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla ដោយឡែក មានតែ Facebook តែប៉ុណ្ណោះដែលនៅតែត្រូវការពឹងផ្អែកទៅលើ Flash Player ដើម្បីឱ្យហ្គេមមួយចំនួនអាចដំណើរការបាន។

មូលហេតុនៃគោលបំណងធ្វើនេះ គឺដោយសារតែ Flash Player តែងតែត្រូវបានវាយប្រហារដោយពួក Hacker និងអ្នកបង្កើតមេរោគ Malware។ Adobe ក៏បានឱ្យដឹងថានៅពេល Flash ឈានដល់កាលបរិច្ឆេទបញ្ចប់ ក្រុមហ៊ុនមិនត្រឹមតែមានគម្រោង បញ្ឈប់ការផ្តល់ជូន នូវការធ្វើបច្ចុប្បន្នភាព (Update) ប៉ុណ្ណោះទេ ហើយពួកគេក៏មានគម្រោងនឹងដកតំណទាញយក (Download Link) Flash Player ចេញពីគេហទំព័រ របស់ពួកគេផងដែរ ដើម្បីជៀសវាងកុំឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី Flash ដែលអាចប្រឈមនឹងការវាយប្រហារថ្មីៗ បន្តទៀត ជាពិសេសនៅពេលដែលក្រុមហ៊ុន បញ្ចប់ការធ្វើបច្ចុប្បន្នភាពនោះ ៕