កុំទាន់ភ័យ! បើគាំងកុំព្យូទ័រ និងបាត់ទិន្នន័យក្រោយពេលធ្វើបច្ចុប្បន្នភាព នៅលើ Windows 10

0

ភ្នំពេញ៖ ថ្មីៗនេះមានអ្នកប្រើប្រាស់ Windows 10 មួយចំនួន មានការឈឺក្បាលវិលមុខ ជាមួយនឹងការធ្វើបច្ចុប្បន្នភាព Windows 10 KB4556799 ដែលបានដាក់ឱ្យដំឡើងនៅថ្ងៃទី១២ ឧសភា កន្លងទៅនេះ និងបង្កឱ្យមានបញ្ហា ដល់ពួកគេដូចជា បាត់ទិន្នន័យផ្ទាល់ខ្លួន មានសម្លេងរំខានចេញមក ព្រមទាំងធ្វើឱ្យគាំងកុំព្យូទ័រ ដោយបង្ហាញតែផ្ទាំងពណ៌ខៀវ (Blue Screen of Death) នៅលើអេក្រង់កុំព្យូទ័រ ដែលជាការព្រួយបារម្ភមួយ សម្រាប់បណ្តារអ្នកប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows 10 ផងដែរ។

យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាបញ្ហាដែលកើតឡើង នៅពេលក្រោយ ការធ្វើបច្ចុប្បន្នភាព (update) នៅលើ Windows 10 វានឹងបង្ហាញចេញមកជា អ្នកប្រើប្រាស់បណ្ដោះអាសន្ន (Temporary User) ដែលមិនមានបង្ហាញឱ្យឃើញនូវ រាល់ទិន្នន័យទាំងអស់ នៅក្នុងកុំព្យូទ័រ ដែលធ្វើឱ្យអ្នកប្រើប្រាស់គិតថា ឯកសាររបស់គេត្រូវ បានបាត់អស់ ប៉ុន្តែវាមិនមែនដូច្នេះទេ គឺវាគ្រាន់តែធ្វើ ការលាក់ទិន្នន័យ ឯកសារទាំងនោះតែប៉ុណ្ណោះ។ ដោយឡែកមានអ្នកប្រើប្រាស់ខ្លះទៀតជួបបញ្ហាគាំងកុំព្យូទ័រតែម្តង ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពទៅ KB4556799 និងបង្ហាញតែផ្ទាំងពណ៌ខៀវនៅលើអេក្រង់។

ចំណែកបញ្ហាមួយផ្សេងទៀត ជាមួយការធ្វើបច្ចុប្បន្នភាពនេះដែរ គឺទាក់ទងនឹងបញ្ហាប្រព័ន្ធសម្លេង ដែលចេញមកមិនប្រក្រតី មានន័យថាវាឮទាំង speaker និងក្នុង headset (កាស) ព្រមគ្នាតែម្តង។

ប្រសិនបើលោកអ្នក បានធ្វើបច្ចុប្បន្នភាព ហើយពុំមានបញ្ហាអ្វីនោះទេ លោកអ្នកពុំចាំបាច់ធ្វើអ្វីទេ ប៉ុន្តែបើលោកអ្នកមានបញ្ហានឹងការបាត់ទិន្នន័យ លោកអ្នកអាចសាកល្បង បិទបើកកុំព្យូទ័រ ៦ទៅ៨ដងដើម្បី អាចចូលក្នុងគណនីផ្ទាល់ខ្លួនវិញ។ ជាចុងក្រោយបើលោកអ្នក មានបញ្ហាផ្សេងវិញនោះ លោកអ្នកត្រូវធ្វើការលុបចេញ (uninstall) ការធ្វើបច្ចុប្បន្នភាព ដែលបានដំឡើងរួចនោះវិញ ដូចបានបង្ហាញខាងក្រោមនេះ៖
1- ចុចលើរូបភាព Windows ដែលនៅខាងក្រោម ផ្នែកខាងឆ្វេង
2- ចុចលើពាក្យ Settings
3- ចុច Update & Security ដែលនៅខាងក្រោមគេបង្អស់
4- ចុច Windows Update នៅផ្នែកខាងឆ្វេង
5- ចុច View Update History
6- ចុច Uninstall Updates
7- ចុច KB4556799
8- ចុចលើពាក្យ Uninstall ដើម្បីចាប់ផ្ដើមធ្វើការលុបចេញ៕