ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៣ ពីភ្នំពេញ-ក្រុងកំពត មានប្រវែងជាង ១០០គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២១៩,៩១១លានដុល្លារ ខណៈការសាងសង់សម្រេចបាន ៧៤% ហើយ ។
ក្នុងពិធីចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត នៅថ្ងៃទី២១ ឧសភានេះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគូសប្រវែង ៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីក ទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «គម្រោងនេះគ្រោងចំណាយ ថវិកាសរុបប្រមាណ ២១៩,៩១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)» ។
លោករដ្ឋមន្ត្រីបន្ថែមថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ នេះមានរយៈពេល ៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃ ការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល ៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ ពេលនេះ ការសាងសង់សម្រេចបាន ៧៤% ហើយ ៕