ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច ប្រមូលចំណូលបានជាង ៦ពាន់លានដុល្លារ

0

ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែរក្សាបានប្រសិទ្ធភាព នៃការអនុវត្តផែនការប្រមូលចំណូល ដោយសម្រេចបាន ១២៨,២% នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើនឹង ២៧.១៥៩ប៊ីលានរៀល (ស្មើប្រមាណ ៦.៦០៨.២០០.០០០ដុល្លារ) និងចំណាយថវិកាជាតិសម្រេចបាន ៩៥,៤% ឬស្មើ ១៩.៧៥១ប៊ីលានរៀល (ស្មើប្រមាណជិត ៥ពាន់លានដុល្លារ) ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការ ទ្រទ្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ឧសភាបានឲ្យដឹងថា ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបាននឹងកំពុងកសាងតាមរយៈ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រេប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហ៊ានទី១និងទី២។ មកដល់ពេលនេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្នាក់កណ្ដាល នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថ រតនាគាររាជាធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តនិងក្រសួង-ស្ថាប័នចំនួន៣៧។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ត យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ យុទ្ធសាស្រ្តកៀគរចំណូលឆ្នាំ ២០១៩-២០២៣ យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈឆ្នាំ២០២៩-២០២៥ និងយុទ្ធសាស្រ្តស្ដីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្ដីពី ការគ្រប់គ្រងបំណុល សាធារណៈឆ្នាំ២០១៩-២០២៣ ហើយយុទ្ធសាស្រ្តនិមួយៗ មានផែនការសកម្មភាពលម្អិត ដើម្បីឲ្យការអនុវត្តប្រកដដោយស្មារតី ទទួលខុសត្រូវ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព ៕