ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ជប៉ុន Sony បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ MWC 2020 កាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានដកខ្លួនកន្លងមក មានដូចជា LG, Ericsson, Amazon និង Nvidia។ ក្រុមហ៊ុនទាំងអស់បានដកខ្លួនចេញពីព្រឹត្តការនេះ ដែលគ្រោងនឹងរៀបចំឡើង នៅចុងខែនេះ ក្នុងទីក្រុងបាសេឡូណា ក៏ព្រោះតែមានការភ័យខ្លាចចំពោះការផ្ទុះឡើងនៃមេរោគកូរ៉ូណ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sony បាននិយាយក្នុងសន្និសីទកាសែតថា ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញស្មាតហ្វូន Xperia ម៉ូដែលចុងក្រោយក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែឥឡូវបង្វែរមកបង្ហាញ តាមរយៈការផ្សាយផ្ទាល់ លើបណ្តាញអ៊ីនធើណិតវិញ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកបន្តថា « យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់អតិថិជន ដៃគូប្រព័ន្ធផ្សព្វផ្សាយ និងនិយោជិក យើងបានធ្វើការសម្រេចចិត្តពិបាកដកខ្លួនចេញពីព្រឹត្តិការណ៍ MWC 2020 នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ »៕