ក្រុមហ៊ុន Toyota និង Lexus ប្រមូល​រថយន្តចំនួន 52,០០០ គ្រឿង​ទាក់ទងនឹង​ការលេចធ្លាយ សារធាតុត្រជាក់

0

ក្រុមហ៊ុន តូយ៉ូតា នៅអាមេរិកខាងជើង កំពុងប្រមូលយានយន្តប្រមាណ 52,000គ្រឿង ជុំវិញករណីការលេចធ្លាយសារធាតុត្រជាក់។ ការហៅមកវិញរួមមានរថយន្តស៊េរីឆ្នាំ ២០២០ មានដូចជា៖ Toyota AvalonHybrid,​ Camry, Camry Hybrid, Lexus ES 300h ផលិតក្នុងឆ្នាំ 2019-20, Toyota RAV4 និង RAV4 Hybrid ផងដែរ។ ក្រុមហ៊ុនមួយនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រមូលមកវិញរួមមានរថយន្តប្រហែល ៤៤,០០០ គ្រឿងនៅសហរដ្ឋអាមេរិក។
ការចេញផ្សាយនេះក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺបណ្តាលមកពីការផលិតមិនបានត្រឹមត្រូវចេញមកពីរោងចក្រ ដែលជាហេតុធ្វើឲ្យមានការលេចធ្លាយនូវសារធាតុត្រជាក់ កំឡុងពេលម៉ាស៊ីនដំណើរការ ដែលជាហេតុនាំឲ្យមាន សំលេងរំខាន, ម៉ាស៊ីនមានផ្សែង និងលោតសញ្ញាព្រមានអំពីដំណើរការខុសប្រក្រតី។
ចំពោះរថយន្ត ប្រភេទប្រើអាគុយ(hybrid) និងសាំង អាចនឹងជួបបញ្ហាគាំងម៉ាស៊ីន ព្រមទាំងការលេចធ្លាយប្រេង ដែលប្រឈមនឹងការឆាបឆេះក្នុងពេលបើកបរ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានគេសួរថា តើគ្រោះថ្នាក់ ឬរងរបួសណាមួយត្រូវបានគេរាយការណ៍ថាកើតចេញពីការលេចធ្លាយសារធាតុត្រជាក់នេះ៕